ម្ចាស់អគារពាណិជ្ចកម្ម Rana Plaza ត្រូវបានចាប់ខ្លួនម្សិលមិញ
ក្រោយពីគ្រោះមហន្តរាយបាក់រលំអគារ ពាណិច្ចកម្មRana Plaza កម្ពស់៨ជាន់កាលពីថ្ងៃពុធកន្លងមក អាជ្ញាធរបង់ក្លាដែស ទើបបានចាប់ម្ចាស់អគារពាណិច្ចកម្មនៅថ្ងៃអាទិត្យ២៨មេសាម្សិលមិញ ក្នុងពេល ប៉ុនប៉ងគេចខ្លួនទៅកាន់ឥណ្ឌា។គ្រោះមហន្តរាយរលំបាក់អគារ នៅជាយទីក្រុងដាក់កានេះ បានបណ្តាលឲ្យស្លាប់កម្មករកាត់ដេរ៣៨១នាក់ភាគច្រើនជាស្ត្រីនិង ជិតមួយពាន់នាក់ទៀតត្រូវរងរបួសធ្ងន់។ ស្រ្តីកម្មករម្នាក់ដែលបានគេជួយសង្គ្រោះចេញពីក្រោមគំនរបាក់ បែកទើបបានស្លាប់នៅម្សិលមិញ។
គ្រោះមហន្តរាយបាក់រលំអគារពាណិជ្ជកម្ម Rana Plaza កាលពីថ្ងៃពុធមុនក្នុងជាយទីក្រុងដាក់កា បានសម្លាប់ជីវិតមនុស្ស៣៨១នាក់ភាគច្រើនជាស្ត្រីភេទ និង ជិត១០០០នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់ ព្រមទាំងបាត់ខ្លួនជាច្រើនទៀតផង។ អ្នករបួសធ្ងន់ ភាគច្រើនត្រូវបាន គេកាត់ដៃ ឬក៏ កាត់ជើង ដើម្បី អាចសង្គ្រោះចេញពីការជាប់កុនក្រោមគំនរផ្ទាំងថ្ម។
នៅថ្ងៃអាទិត្យម្សិលមិញ គេបានរកឃើញស្ត្រីកម្មករម្នាក់ដែលទំនងជាអ្នកនៅមានជីវិតចុងក្រោយក្រោមគំនរថ្មបាក់បែក ប៉ុន្តែ ជាសំណាងអាក្រក់ មានអគ្គីភ័យឆាបឆេះឡើងវិញទម្រាំពន្លត់ ភ្លើងចប់សព្វគ្រប់ ស្រ្តីរូបនោះ ក៏បានស្លាប់សង្គ្រោះពុំទាន់។
« ជាស្ត្រីមា្នក់ដែលមានចិត្តក្លាហាននិងតស៊ូរហូតដល់ទីបំផុត”-នេះជាការអះ អាងរបស់មេក្រុមលត់ភ្លើងដោយបានបញ្ជាក់ទៀតថា « ក្រុមអ្នកលត់ភ្លើង ធ្វើការពី១០ទៅ១១ម៉ោងក្នុងថ្ងៃអាទិត្យនេះ ដើម្បី ជួយយកគាត់ចេញពីក្រោមផ្ទាំងថ្ម តែជាអកុសលនៅទីបំផុតគាត់បែរជាស្លាប់ ទៅវិញ ធ្វើឲ្យពួកគាត់ មានការរំជួលចិត្តយ៉ាងក្រៃលែង »។
ចំណែកម្ចាស់អគារដែលបានប៉ុនប៉ងគេចទៅប្រទេសឥណ្ឌា ត្រូវបានអាជ្ញាធរបង់ក្លាដែសចាប់ខ្លួនបាននៅថ្ងៃអាទិត្យម្សិលមិញ -នេះបើយោងតាមអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ម្ចាស់អគារពាណិច្ចកម្ម នេះ គឺ ជាសមាជិកម្នាក់នៃគណបក្សកាន់អំណាចដែលជាប់សង្ស័យក្នុងបទរំលោភ បំពានលើច្បាប់សាងសង់។
កាលពីថ្ងៃសៅរ៍មុន អាជ្ញាធរ បានចាប់ជនបួននាក់ផ្សេងទៀត ៖ពីរនាក់ជាវិស្វករនិងពីរនាក់ទៀតជាអ្នកគ្រប់គ្រងនៅរោងចក្រកាត់ ដេរមួយ។នៅអគាររងមហន្តរាយនេះ មានរោងចក្រកាត់ដេរចំនួន ៥ដែលជាប់ទាក់ទងជាអាទិ៍ជាមួយសហគ្រាសលក់សំលៀកបំពាក់អេស្បាញ ម៉ាក Mango ដែលបានទទួលស្គាល់ថាបានបញ្ជាទិញពីរោងចក្រ។
គ្រោះមហន្តរាយបែបនេះ គឺជាលើកទី៣ហើយក្នុងអំឡុងពេលតែ៥ខែប៉ុណ្ណោះ។ ជាមួយរោងចក្រ កាត់ដេរសម្លៀកបំពាក់ចំនួន៥០០០កន្លែងនិងមានបុគ្គលិកកម្មករជិត៤ លាននាក់ បង់ក្លាដែស បានក្លាយទៅជាប្រទេសទីពីរខាងនាំចេញសម្លៀកបំពាក់ បន្ទាប់ពីប្រទេសចិន។ ប៉ុន្តែ បទដ្ឋានសុវត្ថិភាព ពុំមានសោះឡើយនៅក្នុងប្រទេសនេះ ចំណែកប្រាក់ខែកម្មករវិញ បានទទួលត្រឹមតែ៣០អ៊ឺរ៉ូនិងធ្វើការយ៉ាងតិច ១០ម៉ោងក្នុងមួយថ្ងៃ៕ដោយ នុយ ប៊ែរណាដែត (RFI)