មន្រ្តីមកពីបណ្តាក្រសួងនានា ជួបពិភាក្សាគ្នា រិះរកវិធីទប់ស្កាត់ ជំងឺផ្តាសាយបក្សី
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ខណៈដែលជំងឺផ្តាសាយបក្សី H5N1 បាននិងកំពុងផ្ទុះ និងរីករាលដាល ព្រមទាំងសម្លាប់ ប្រជាពលរដ្ឋ កម្ពុជាអស់ជាច្រើននាក់នោះ មន្រ្តីមកពីបណ្តាក្រសួងនានា ព្រមទាំងដៃគូពាក់ព័ន្ធ បានបើកកិច្ចប្រជុំជាបន្ទាន់មួយ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ដើម្បីរិះរកវិធីទប់ស្កាត់ និងវិធានការសម្រាប់ឆ្លើយតបទៅនិងជំងឺដ៏កង្វល់មួយនេះ។

លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយ ដែលជាប្រធាន ដឹកនាំ កិច្ចប្រជុំនេះបានឲ្យដឹងថា ការ ពិភាក្សាគ្នានេះគឺធ្វើយ៉ាងណា ឲ្យយល់ដឹង បន្ថែម ទៀតអំពីរបៀបទប់ស្កាត់នៃការឆ្លងមេរោគដ៏សាហាវនេះពីសត្វទៅមនុស្ស។
លោកបានបន្តថា ជំងឺដ៏សាហាវនេះ គឺវាធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងទាំងរាជរដ្ឋាភិបាល ទាំងអង្គការ សង្គមស៊ីវិលដោយសារតែការកើតឡើងនោះភាគច្រើនៅតាមទីជនបទ។
យោងតាមការឲ្យដឹងរបស់ក្រសួងសុខាភិបាល នាពេលកន្លងទៅថ្មីនេះបានឲ្យដឹងថា ក្នុងរយៈពេលពីរខែ ដើម ឆ្នាំ២០១៣នេះជំងឺគ្រុនផ្តាសាយបក្សីបានកើតឡើងចំពោះប្រជាជនកម្ពុជាចំនួន៩ករណីហើយ បណ្តាល ឲ្យសា្លប់ចំនួន៨ករណីដែលក្នុងភាគច្រើនជាកុមារ។ បន្ទាប់ពីជំងឺនេះបានចាប់ផ្តើមចាប់បដិសន្ធិ នៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៥មក រហូតមកដល់ពេលនេះ បានសម្លាប់មនុស្ស ចំនួន២៧នាក់ ហើយលើអ្នកផ្ទុកចំនួន៣០នាក់៕