នៅឆ្នាំ២០១៣ អាត្រាភាពក្រីក្រនៅក្នុងប្រទេសនឹងធ្លាក់ចុះមកត្រឹម ១៩ភាគរយ
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកសន្និបាត បូកសរុបការងារក្រសួងព័ត៌មាន នៅថ្ងៃពុធ ទី២៧ កុម្ភៈ ២០១៣ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា «អាត្រាភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះពី ២២,៩ ភាគរយ ក្នុងឆ្នាំ២០០៩ ធ្លាក់មកនៅរង្វង់ ២០ភាគរយ នៅឆ្នាំ២០១២ ហើយរំពឹថា នឹងចុះមកត្រឹម ១៩ភាគរយ នៅឆ្នាំ២០១៣»។
លោករដ្ឋមន្រ្តី បានបន្តថា ឆ្លងតាមរយៈលទ្ធផលដ៏ល្អនេះ កម្ពុជាបានវាយតម្លៃថា ជាប្រទេសស្ថិត ក្នុង ចំណាត់ថ្នាក់ទី១៥ ដែលទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោកក្នុងរយៈពេល ១០ចុងក្រោយ និង ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានសម្រេចបានគោលដៅ អភិវឌ្ឍន៍សហវត្សរ៍ ហើយក៏ជាប្រទេសដែលមានចំណាត់ថ្នាក់ល្អប្រសើរ ក្នុងការកែលម្អសូចនាករ ផ្នែក សង្គមកិច្ចផងដែរ។
ជាមួយដែរ ក្រសួង ព័ត៌មាន បានដាក់ចេញនូវគោលនយោបាយអាទិភាព បន្ថែម ទាក់ទង នឹងការពង្រឹងវិសាលភាព និងគុណភាព នៃប្រព័ន្ធផ្សព្វផ្សាយផងដែរ ដោយពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃសេវាផ្សព្វផ្សាយផ្តល់ព័ត៌មាន ការអប់រំ និងការកំសាន្ត ប្រកបដោយ គុណភាព និងសមធម៌ ជូនពលរដ្ឋទូទំាងប្រទេសឲ្យបាន ៨៥ភាគរយ ដល់ ៩៥ភាគរយ។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធផ្សព្វផ្សាយ ជាប្រព័ន្ធមួយដែលមានសារៈសំខាន់ ក្នុងចែកចាយព័ត៌មាន ជូនប្រជាជន នៅទូទំាងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទំាងមូល ឲ្យទំាងអស់គ្នាបានដឹងពីបញ្ហា ដែលកំពុងតែកើតមាន ឡើងក្នុងសង្គមបច្ចុប្បន្ន៕