ជាតិចិនម្នាក់បើករថយន្តទៅបុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់
ភ្នំពេញ៖ កាលពីវេលាម៉ោង ២៣និង០០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ រថយន្តបើកបុកម៉ូតូ បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់នៅចំណុចផ្លូវលេខ១៥៥ កែងផ្លូវ៤៣២ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ហើយ ព្យាយាមបើករថយន្តរត់គេចខ្លួនដល់ចំណុចផ្លូវ១៩៩ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ក៏ត្រូវសមត្ថកិច្ចតាមឃាត់បាន។
សមត្ថកិច្ចដែលចុះទៅពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកឡិចស៊ីស RX300 ពាក់ស្លាកលេខភ្នំពេញ 2J-2662 បើកបរដោយជនជាតិចិនម្នាក់ តាមបណ្ដោយផ្លូវ១៥៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ផ្លូវកែង៤៣២ ក៏បានបុកម៉ូតូស្ទេប ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1W-6697 ដែលបណ្ដាលឲ្យនារីម្នាក់ជិះពីក្រោយម៉ូតូរងរបួសបាក់ភ្លៅនិងយុវជន ម្នាក់ ដែលជាអ្នកបើកម៉ូតូត្រូវរងរបួសបែកក្បាល។
ក្រោយពេលកើតហេតុ រថយន្តព្យាយាមបើករត់គេចខ្លួនរហូតដល់ចំណុចផ្លូវ១៩៩ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ក៏ត្រូវសមត្ថកិច្ចតាមឃាត់បានភ្លាមៗ តែជនជាតិចិន ដែលបើករថយន្តបង្កនោះ បានចុះពីលើរថយន្តរត់គេចខ្លួនបាត់៕ ហេង នាង