ការលើកកម្ពស់សីលធម៌សង្គម ជាទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១២ និងទិសដៅឆ្នាំ២០១៣នៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ នៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ កុម្ភៈនេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្នមន្ដ្រី ប្រចាំការរដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ការលើកកម្ពស់សីលធម៌សង្គមតម្លៃស្ដ្រី និងគ្រួសារខ្មែរ គឺជាទិសដៅយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី ម៉ែន សំអន ក្នុងនាមលោកជំទាវកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ ថា ចំពោះការរៀបចំសន្និបាតនេះឡើង ដើម្បីត្រួតពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព និងបញ្ហាប្រឈមនានា ដែលបានកើតឡើងក្នុងដំណើរការអនុវត្តន៍ ផែនការសកម្មភាពក្នុងឆ្នាំកន្លងមក និងដើម្បីរៀបចំយុទ្ឋសាស្ត្រសំរាប់បន្តអនុវត្តន៍ អោយកាន់តែមានប្រសិទ្ឋភាព និងឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗកាន់តែច្រើនថែមទៀត នៅក្នុងឆ្នាំ២០១៣នេះ ។
ជារួមកិច្ចការទាំងអស់នេះ គឺស្ថិតក្នុងបុព្វហេតុរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រាប់ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារគុណតម្លែមនុស្សធម៌របស់ជនរងគ្រោះ ក៏ដូចជា ពន្លឿន ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។
ជាក់ស្តែងអំពើហិង្សាក្នុងគ្រួសារ អំពើរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើរំលោភបំពានលើសិទ្ឋិមនុស្សតាមរូបភាពផ្សេងៗជាដើមនោះ ដែលនាំមកនូវការខាតបង់ធនធាន ពេលវេលា និងការបាត់បង់អាយុជីវិត និងថែមទាំងធ្វើឱ្យសីលធម៌សង្គមមានការធ្លាក់ចុះថែមទៀត ។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី និងជាប្រធានគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ បានថ្លែងថា យើងត្រូវរួមគ្នាចូលរួមចំណែកបន្តពង្រឹងការងារ អភិបាលកិច្ច និងការផ្តល់សេវាសង្គមកិច្ចនានា ដើម្បីធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ មានសីលធម៌ល្អ សេចក្តីថ្លៃថ្នូរ និងមានការគោរពសិទ្ឋិគ្នាទៅវិញទៅមក ។
លោកស្រី បន្តថា ក្នុងនោះយើងត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបង្កើនគុណភាព កម្មវិធីអប់រំសីលធម៌ សុជីវធម៌ គុណធម៌ ដោយបូករួមទាំងការស្លៀកនៅសម្លៀកបំពាក់ ការប្រើប្រាស់ពាក្យសំដី កាយវិការសមរម្យ សមស្របទៅតាមស្មារតីនៃការលើកម្ពស់កិត្យានុភាពនៃកេរិ៍្កដំណែល ប្រព្រៃណី វប្បធម៌ អរិយធម៌ អត្ដសញ្ញាណជាតិ និងសេចក្កីថ្លថ្នូររបស់ប្រជាជាតិយើង៕