លោក ស្ហ៊ិនហ្សូ អាបេ វិលមកកាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុនជាថ្មី
នៅថ្ងៃពុធទី ២៦ ធ្នូនេះ សភាជប៉ុនបានបោះឆ្នោតជ្រើសរើស លោក ស្ហ៊ិន ហ្សូ អាបេ ប្រធានគណបក្ស សេរីប្រជាធិបតេយ្យ ជានាយករដ្ឋមន្ត្រី បន្ទាប់ពីគណបក្សនេះ បានទទួលជោគជ័យក្នុងសម័យបោះឆ្នោតសភា កាលពី១០ថ្ងៃមុន។ ល្បីខាងមាននិន្នាការជាតិនិយម ប៉ុន្តែក្នុងនាមជាប្រមុខដឹកនាំប្រទេស ដែលកំពុងជួបនឹងគ្រោះសេដ្ឋកិច្ចដើរថយក្រោយ លោក អាបេ បានយកបញ្ហាសេដ្ឋកិច្ចមកធ្វើជាអាទិភាពចំបង សម្រាប់អណត្តិនេះ។
ធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីជប៉ុន នៅចន្លោះឆ្នាំ២០០៦-២០០៧ លោក ស្ហ៊ីនហ្សូ អាបេ (Shinzo Abe) ត្រូវបានសមាជិកសភាបោះឆ្នោតផ្តល់ទំនុកចិត្តឱ្យដឹកនាំរដ្ឋាភិបាល ក្នុងសំឡេង ៣២៨ លើ៤៧៨សំឡេង។ ក្លាយជានាយករដ្ឋមន្ត្រី បន្តពីលោក យូស្ហ៊ីហ៊ីកូ ណូដា (Yoshihiko Noda) នៃបក្សប្រជាធិបតេយ្យ ដែលជាអ្នកឆ្វេងកណ្តាលនិយម លោក អាបេ បានបិទបញ្ចប់សករាជ បីឆ្នាំជាបក្សប្រឆាំង និងនាំជប៉ុនមករកទម្លាប់ដើមវិញ ពោលគឺមានគណបក្សអភិរក្សនិយម គ្រប់គ្រងអំណាចជាប់រហូត ស្ទើរគ្មានដាច់ តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរ។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីទី៧របស់ជប៉ុន ក្នុងរយៈពេលតែ៧ឆ្នាំចុងក្រោយនេះ គ្មានជម្រើសច្រើនទេ ក្នុងផ្នែកសេដ្ឋកិច្ច ក៏ដូចជាការទូត។ ប្រទេសជប៉ុនកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ចដើរថយក្រោយ រងគ្រោះបន្តពីវិបត្តិសេដ្ឋកិច្ចពិភព លោក ប្រាក់យេនថ្លៃជ្រុលហួសហេតុ …។ ទោះបីជា នៅពេលឃោសនាបោះឆ្នោត លោក ស្ហ៊ិនហ្សូ អាបេ បានបង្ហាញច្បាស់អំពីចរិកជាអ្នកស្តាំនិយម មានជំហរអភិរក្ស និងជាតិនិយមដ៏តឹងរ៉ឹង ជាពិសេសក្នុងសំណុំរឿងនយោ បាយការបរទេស តែសេដ្ឋកិច្ច ស្ថិតជាអាទិភាពដ៏ចំបងបំផុត។ លោក អាបេ គ្រោងនឹងវិលមករកអនុវត្តនយោបាយចាស់គឺបង្កើតការដ្ឋានធំៗជំរុញលទ្ធ ភាព ចាយវាយ បញ្ហារូបិយប័ណ្ណ និងកម្ចីគ្រប់ធុន ដើម្បីផ្តល់សន្ទុះដល់សេដ្ឋកិច្ចរបស់មហាអំណាចទីបីពិភពលោក។
លោកស្ហ៊ីនហ្សូ អាបេ អាចពឹងលើគណបក្សសម្ព័ន្ធមិត្ត ដើម្បីមានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា ដល់ទៅពីរភាគបី ក្នុងការសម្រេចសំណើអ្វីមួយ។ ហើយបើចង់បញ្ចៀសឧបសគ្គ គណបក្សអភិរក្សនិយមនេះ ត្រូវប្រមូលសំឡេងដាច់ខាតឱ្យបានទៀត នៅក្នុងសម័យបោះឆ្នោតព្រឹទ្ធសភា នារដូវក្តៅខាងមុខ៕ដោយ អៀង សុខម៉ិញ (RFI)