ជិះម៉ូតូទៅបុកម៉ូតូដឹកកញ្ឆេសាឡាត់ដួលបែកមុខបែកមាត់ខ្លួនឯង
ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូទៅបុកម៉ូតូដឹកកញ្ឆេសាឡាត់ ដែលកំពុងឈប់ទាញកញ្ឆេសាឡាត់ នៅចិញ្ចើមផ្លូវ បណ្តាលឲ្យដួលបែកមុខបែកមាត់ខ្លួនឯង ហើយទាមទារសំណង ១០០ដុល្លារ ដោយចោទប្រកាន់ម៉ូតូដឹកសាឡាត់ ឈប់នៅកណ្តាលផ្លូវ ។
គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១២ និង៥ នាទីរំលងអធាត្រឈានចូលថ្ងៃទី១២ ធ្នូ នៅទល់មុខសណ្ឋាគារតាយ ម៉េង តាមមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីបុរសអ្នកដឹកសាឡាត់ឈ្មោះ សុខ មាន អាយុ ៤០ឆ្នាំ ជាអ្នកជួលដឹកសាឡាត់ ពីស្រុកស្អាង យកមកឲ្យម៉ូយនៅផ្សារដើមគ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានឲ្យដឹងថា គាត់ជិះម៉ូតូសង់កូរ៉េ ពណ៌ខៀវ ដឹកសាឡាត់មួយកញ្ឆេ ទម្ងន់១០០គីឡូក្រាម តាមមមហាវិថីព្រះនរោត្តម មកដល់ចំណុចខាងលើ កញ្ឆេរបស់គាត់ផ្អៀងទៅម្ខាង ទើបគាត់បើកម៉ូតូតិចៗអែបទៅខាង រួចឈប់ទាញតម្រង់កញ្ឆេនោះវិញ ពេលកំពុងតែឈប់ ស្រាប់តែម៉ូតូគុបជ្រុង៥០ ពណ៌ទឹកសមុទ្រ ជិះមកពីក្រោយ មិនដឹងជារវល់ងាកទៅណា បានជិះទៅបុកកញ្ឆេសាឡាត់របស់ធ្លាក់ពីលើម៉ូតូ កំពប់សាឡាត់អស់បន្តិច និងធ្វើឲ្យម៉ូតូទាំងពីរគ្រឿង តែអ្នកដឹកសាឡាត់មិនមានរងរបួសទេ រីឯអ្នកបើកម៉ូតូគុបជ្រុងឈ្មោះ គឹម សុខារ៉ា អាយុ ៤០ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំព្រែកសំរោង ស្រុកតាខ្មៅ ខេត្តកណ្តាល ដួលបែកមុខបែកមាត់ ។
ក្រោយពេលកើតហេតុ អ្នកបើកម៉ូតូគុបជ្រុង បានទាមទារសំណង សម្រាប់ព្យាបាលរបួស និង ជួសជុលម៉ូតូចំនួន ១០០ដុល្លារ ដោយចោទប្រកាន់ថា ម៉ូតូដឹកសាឡាត់ ឈប់នៅកណ្តាលផ្លូវ ចំណែកអ្នកដឹកសាឡាត់មិនព្រមសងទេ បានអះអាងថា ម៉ូតូរបស់គាត់ ឈប់នៅចិញ្ចើមផ្លូវហើយ តែអ្នកបើកម៉ូតូគុប មិនដឹងជារវល់ងាកទៅណា ទើបមើលមិនឃើញ ហើយជិះទៅបុក ម៉ូតូរបស់គាត់បែបនេះ ។
ដោយសារការដោះស្រាយគ្នា នៅកន្លែងកើតហេតុ មិនត្រូវ ទើបសមត្ថកិច្ច យកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក នៅខណ្ឌចំការមន៕