ចោរមួយក្រុមមានគ្នា៤នាក់នាំគ្នាស្ទាក់វាយប្លន់អ្នករត់ម៉ូតូឌុបយកទៅបាត់
ភ្នំពេញ៖ នៅវេលាមោង១១និង១០នាទីយប់ថ្ងៃទី២៤ វិច្ឆិកា ២០១២ នៅខាងក្រោយវត្តនាគវ័ន្ត តាមបណ្ដោយផ្លូវ៦០៨ ខណ្ឌទួលគោក ចោរមួយក្រុមមានគ្នា៤នាក់បាននាំគ្នាធ្វើសកម្មភាពដោយប្រើដំបងឈើជ្រុងវាយប្លន់អ្នក រត់ម៉ូតូឌុបយកម៉ូតូទៅបាត់ដោយសុវត្ថិភាព។
ជនរងគ្រោះឈ្មោះចេង ចំរើន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ ភ្នំពេញថ្មីខណ្ឌសែនសុខបានរៀបរាប់នៅកន្លែងកើតហេតុម៉ូតូម៉ាកវ៉េវ អាល់ហ្វា ពណ៌ ខ្មៅ លាយក្រហមចំនួន១គ្រឿងដែលជាកម្មសិទ្ឋរបស់គាត់ត្រូវបានក្រុមចោរ វាយប្លន់យកទៅបាត់។
មុនពេលកើតហេតុជនរងគ្រោះបានដឹកស្ត្រីបម្រើខារ៉ាអូខេ ម្នាក់ចេញពីហាងខារ៉ាអូខេម្ដុំរ៉ាមីតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខ ក្រុមចោរ មានគ្នា៤ នាក់ បានស្ទាក់ម៉ូតូឲ្យឈប់ រួចបានប្រើដំបងឈើជ្រុងវាយមកលើជនរងគ្រោះ បណ្ដាលឲ្យដេកដួលទៅនិងផ្លូវ ហើយក្រុមចោរ បានទាញយកម៉ូតូជិះគេចខ្លួនបាត់។
ក្រោយពីកើតហេតុ ប៉ូលិសបានចុះទៅដល់ហើយបានសួរនាំជនរងគ្រោះ និងនាំនារីបម្រើខារ៉ាអូខេទៅសាកសួរដើម្បីកំណត់មុខសញ្ញាក្រុមចោរប្លន់៕
ដោយ៖ ហេង នាង