បុរសម្នាក់ចងកសម្លាប់ខ្លួនដោយយកថង់ខ្មៅគ្របក្បាលនៅក្នុងរោងចិញ្ចឹមជ្រូក
ភ្នំពេញ៖ កាលពីវេលោម៉ោង ១៨និង៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ការផ្អើលឆោឡោ មួយបានកើតឡើង ក្នុងខណៈដែល បងប្អូន ប្រជាពលរដ្ឋ បានប្រទះ ឃើញបុរស ម្នាក់ចងកសម្លាប់ខ្លួន នៅក្នុងកសិដ្ឋាន ចិញ្ចឹមជ្រូក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឲ្យដឹងថា បុរសចងកធ្វើអត្តឃាត ខាងលើនេះ មានឈ្មោះ នូ នាងអាយុ៤៣ឆ្នាំ មុខរបរជាកម្មករ ចិញ្ចឹមជ្រូក មានស្រុកកំណើត ភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅ ចំណុចកើតហេតុខាងលើ។
បើតាមសំដីបុរសម្នាក់ឈ្មោះ សោម សំណាង ដែលត្រូវជាប្អូនប្រុសបុរស រងគ្រោះបានឲ្យដឹងថា នៅល្ងាច ថ្ងៃទី២២ វិច្ឆិកា ២០១២ បុរសរងគ្រោះ បាននៅយាម កសិដ្ឋាន ចិញ្ចឹមជ្រូក តែម្នាក់ឯង។ លុះដល់ម៉ោងកើតហេតុ រូបខ្លួនត្រូវជាប្អូន បានយកបាយពី មកឲ្យបុរស រងគ្រោះហូប ប៉ុន្តែពេលមកដល់មិនបាន ឃើញជនរងគ្រោះនៅក្នុងកសិដ្ឋានទេ។
ដោយមានការសង្ស័យ រូបខ្លួនក៏បានស្រែកហៅ និងដើរទៅមើល ក្នុងរោងចិញ្ចឹមជ្រូក ស្រាប់តែឃើញបុរស រងគ្រោះចងក សម្លាប់ខ្លួនតែម្តង ដោយមាន គ្របថង់ខ្មៅ នៅពី លើក្បាល ហាក់បីដូចជាមាន រឿងអាថ៌កំបាំង។
ចំពោះករណីនេះពេលសមត្ថកិច្ចចុះ មកដល់ចំណុច កើតហេតុ ឃើញស្ថានភាព សពជនរងគ្រោះ ដូចជាករណីឃាតកម្ម គឺសម្លាប់ហើយទើប រៀបចំឈុតធ្វើជា ចងក សម្លាប់ ខ្លួនឯងទៅវិញ ។ ប៉ុន្តែទោះបីជាតាមការ សន្និដ្ឋានរបស់ សមត្ថកិច្ច និងបងប្អូន ប្រជាពលរដ្ឋ ថាជាករណីឃាតកម្មក៏ដោយ នៅតែសមត្ថកិច្ច ជំនាញ បានចុះមកពិនិត្យហើយ និយាយថា បុរសនេះពិតជា ចងកសម្លាប់ខ្លួន ឯងមែន មិនមែនជាករណី ឃាតកម្មឡើយ៕
ដោយ៖ ហេង នាង