ឥណ្ឌូណេស៊ី​ផ្ទុះកំហឹង​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម “លក់​ចុះថ្លៃ​ស្រ្តី​បម្រើ​តាមផ្ទះ” នៅ​ម៉ាឡេស៊ី

ការផ្សព្វផ្សាយពាណិជ្ជកម្ម នៅប្រទេសម៉ាឡេស៊ី ស្តីពីការបញ្ចុះតម្លៃ ពិសេសចំពោះការជួលស្រ្តីបម្រើតាមផ្ទះជនជាតិឥណ្ឌូណេស៊ីកំពុងតែធ្វើឲ្យប្រជា ជននិងរដ្ឋាភិបាលឥណ្ឌូណេស៊ីផ្ទុះកំហឹង។បញ្ហាស្រ្តីបម្រើតាមផ្ទះនេះគឺជារឿង ចម្រូងចម្រាសយូរណាស់មកហើយ រវាងឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។

រឿងរ៉ាវបានចាប់ផ្ទុះឡើង កាលពីចុងសប្តាហ៍កន្លងទៅនៅក្រោយពេល ដែល រូបភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្ម អំពីអ្នកបម្រើតាមផ្ទះជាជនជាតិ ឥណ្ឌូណេស៊ីនេះ ត្រូវបានសកម្មជនការពារសិទ្ធិពលករចំណាក ស្រុកឥណ្ឌូណេស៊ី យកទៅចុះផ្សាយតាមវិបសៃត៍។ក្រដាសផ្សាយពាណិជ្ជកម្មដែលត្រូវបានគេយក ទៅបិទផ្សាយនៅតាមដើមឈើក្នុងទីក្រុងគូឡាឡាំពួបានសរសេរថា“ពេលនេះមាន លក់ស្រ្តីអ្នកបម្រើតាមផ្ទះជនជាតិឥណ្ឌូណេស៊ី ដោយចុះថ្លៃពិសេស!”។

លោកម៉ារទី ណាតាឡេហ្កាវ៉ា (Marty Natalegawa) រដ្ឋមន្រ្តីក្រសួងការបរ ទេស ឥណ្ឌូណេស៊ី បានទូរស័ព្ទទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី ដើម្បី តវ៉ាជាផ្លូវការ ហើយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងគូឡាឡាំពួបាន ជួបមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ីដើម្បីទាមទារឲ្យមានការស៊ើបអង្កេតស្វែងរក មុខអ្នកធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនេះ។

អ្នកនាំពាក្យក្រសួងការងារឥណ្ឌូណេស៊ីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន បារាំង AFP ថា ការផ្សព្វផ្សាយពាណិជ្ជកម្មបញ្ចុះតម្លៃពិសេស ចំពោះស្រ្តីអ្នក បម្រើតាមផ្ទះឥណ្ឌូណេស៊ីបែបនេះ គឺជាការប្រៀបប្រដូចមនុស្សទៅនឹងទំនិញ ដែលជារឿងមិនអាចទទួលយកបានជាដាច់ខាត។

ចំណែកឯប្រជាជនឥណ្ឌូណេស៊ីវិញបាននាំគ្នាបញ្ចេញកំហឹងរបស់ពួកគេ ទៅតាម បណ្តាញអ៊ីនធ័រនែត ដោយអ្នកខ្លះបានអំពាវនាវឲ្យធ្វើពហិការ ឈប់ធ្វើដំណើរ ទៅកាន់ប្រទេសម៉ាឡេស៊ី។

ប្រឈមមុខនឹងការតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាបែបនេះក្រសួងការងារម៉ាឡេស៊ី បានប្រកាសថ្កោលទោសចំពោះការផ្សព្វផ្សាយ ពាណិជ្ជកម្មខាងលើ ហើយ បានសន្យាថា អាជ្ញាធរម៉ាឡេស៊ីនឹងប្រើគ្រប់មធ្យោបាយ ដើម្បីវែកមុខរកជន ដែលទទួលខុសត្រូវ ក្នុងការបិទផ្សាយពាណិជ្ជកម្មនេះ។

គួរបញ្ជាក់ថា ការរំលោភសិទ្ធិស្រ្តីឥណ្ឌូណេស៊ី ដែលធ្វើការជាអ្នកបម្រើតាមផ្ទះ នៅម៉ាឡេស៊ីគឺជាសំណុំរឿងចាស់ដែលជាចំណុចចម្រូងចម្រាស ក្នុងទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ រហូតដល់មានការចេញបម្រាម ដោយរដ្ឋាភិបាលឥណ្ឌូ ណេស៊ីលែងឲ្យមានការបញ្ជូនពលករឥណ្ឌូណេស៊ីទៅម៉ាឡេស៊ីកាលពីខែមិថុនា ឆ្នាំ២០០៩។ បម្រាមនេះ ត្រូវបានរដ្ឋាភិបាលឥណ្ឌូណេស៊ី ដកចេញវិញកាលពីខែ ធ្នូ ឆ្នាំ២០១១កន្លងទៅនេះ ក្រោយពីបានការព្រមព្រៀងជាមួយរដ្ឋាភិបាល ម៉ាឡេស៊ីជុំវិញការដំឡើងប្រាក់ឈ្នួលសមរម្យ និងការចាត់វិធានការសមស្របក្នុង ការទប់ស្កាត់ការធ្វើបាបពលករចំណាកស្រុក។ ក៏ប៉ុន្តែ ការផ្សព្វផ្សាយពាណិជ្ជ កម្មលក់បញ្ចុះថ្លៃស្រ្តីអ្នកបម្រើតាមផ្ទះប្រៀបបាននឹងទំនិញនេះបញ្ជាក់កាន់ តែច្បាស់ថា បញ្ហាពលករចំណាកស្រុកនៅម៉ាឡេស៊ី នៅតែជាចំណោទដ៏ធំ ក្នុងទំនាក់ទំនងជាមួយនឹងឥណ្ឌូណេស៊ី។

កេរ្តិ៍ឈ្មោះរបស់ម៉ាឡេស៊ីទាក់ទងនឹងការធ្វើបាបនិងរំលោភសិទ្ធិពលករចំណាក ស្រុកនេះ ត្រូវបានគេស្គាល់ មិនត្រឹមតែនៅឥណ្ឌូណេស៊ីមួយទេ គឺនៅស្ទើរតែគ្រប់ ប្រទេសជិតខាង ដែលមានពលករចំណាកស្រុកទៅម៉ាឡេស៊ីក្នុងនោះក៏មាន កម្ពុជាមួយផងដែរ។

កាលពីខែមិថុនាឆ្នាំ២០១១កន្លងទៅនេះ អង្គការពលកម្មពិភពលោកបាន អនុម័តអនុសញ្ញាមួយស្តីពីការការពារសិទ្ធិអ្នកបម្រើការតាមផ្ទះនៅទូទាំងពិភព លោកហើយអនុសញ្ញានេះ នឹងត្រូវចូលជាធរមាន នៅក្នុងរយៈពេលយ៉ាងយូរ បំផុត ១២ខែទៀត៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close