លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើកពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០
Cambodia News
នៅថ្ងៃទី ១៤ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការបើកពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០។
លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ ពិព័រណ៍នាំចេញនាំចូលចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្មរវាងចិន និងបរទេស ហើយបានក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពសម្រាប់ប្រទេសចិនធ្វើការពង្រីកការបើកចំហកម្រិតខ្ពស់ និងជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។
ក្នុងបរិបទថ្មី ប្រទេសចិនមានឆន្ទៈក្នុងការចូលរួមជាមួយប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីរួមគ្នាគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ធានាស្ថិរភាព និងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ពង្រីកលំហសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងមានភាពបរិយាបន្ន ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍ និងវិបុលភាពពិភពលោក។
សូមបញ្ជាក់ថា ពិព័រណ៍នាំចេញនាំចូលចិនលើកទី ១៤០ បានបើកធ្វើនៅថ្ងៃដដែលនៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មចិន និងរដ្ឋបាលប្រជាជនខេត្តក្វាងទុង៕


