លំហូរអ្នកដំណើរ២,១៤ ប៊ីលាននាក់ក្នុងឱកាស «សប្តាហ៍មាស» ៖ ភាពរស់រវើកនៃសេដ្ឋកិច្ចចិននាំមកនូវកាលានុវត្តភាពថ្មីដល់សេដ្ឋកិច្ចសកល
Cambodia News
ពិធីបុណ្យជាតិចិនរយៈពេល ៧ ថ្ងៃ ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា «សប្តាហ៍មាស» បានបន្តដើរតួនាទីជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញសន្ទុះវិស័យទេសចរណ៍ សកម្មភាពវប្បធម៌ និងការចំណាយក្នុងស្រុក។ ក្នុងអំឡុងពេលឈប់សម្រាកនេះ ប្រជាជនចិនរាប់លាននាក់បានធ្វើដំណើរកម្សាន្ត ទិញទំនិញ និងស្វែងរកបទពិសោធកម្សាន្តថ្មីៗនៅទូទាំងប្រទេស។ រូបភាពនៃស្ថានីយរថភ្លើង អាកាសយានដ្ឋាន រមណីយដ្ឋានទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលពោរពេញដោយអ្នកដំណើរ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីភាពរស់រវើកនៃទីផ្សារ និងភាពធន់នៃសេដ្ឋកិច្ចចិន។
បើយោងតាមទិន្នន័យពីក្រសួងដឹកជញ្ជូនចិន ចំនួនដំណើរកម្សាន្តឆ្លងតំបន់ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែតុលា បានកើនឡើងរហូតដល់ ២,១៤ ប៊ីលានលើក (ប្រមាណ ៣០៦ លានលើកក្នុងមួយថ្ងៃ)។ សន្ទុះនៃការធ្វើដំណើរនេះ បានចាក់បញ្ចូលសាច់ប្រាក់ដោយផ្ទាល់ទៅក្នុងបណ្តាញដឹកជញ្ជូន អាជីវកម្មសណ្ឋាគារ និងសេវាកម្មពាក់ព័ន្ធជាច្រើន។
ជាមួយគ្នានេះ របាយការណ៍ពីថ្នាលកក់សំបុត្រអនឡាញ Qunar បានបង្ហាញថា ចំនួននៃការកក់សំបុត្រយន្តហោះដែលមានចម្ងាយលើសពី ២.០០០ គីឡូម៉ែត្រ បានកើនឡើងជាង ៤០% ហើយការកក់សណ្ឋាគារសម្រាប់ដំណើរកម្សាន្តឆ្លងទីក្រុង (ចាប់ពី ៤ ក្រុងឡើងទៅ) បានកើនឡើង ៥៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ តួលេខនេះបង្ហាញថា ប្រជាជនចិនមិនត្រឹមតែធ្វើដំណើរកម្សាន្តក្នុងតំបន់ជិតៗទេ ប៉ុន្តែថែមទាំងមានបំណងធ្វើដំណើរចម្ងាយឆ្ងាយ និងរយៈពេលយូរជាងមុនផងដែរ។
លើសពីនេះ តំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ និងធម្មជាតិស្ងប់ស្ងាត់ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ។ តួយ៉ាង ទីក្រុងយានអាន (Yan’an) នៃខេត្តសានស៊ី (Shaanxi) ដែលជាមូលដ្ឋានបដិវត្តន៍ប្រវត្តិសាស្ត្រ ទទួលបានភ្ញៀវទេសចរកើនឡើងជាង ២០% ក្នុងថ្ងៃដំបូងនៃពិធីបុណ្យជាតិ។ ក្រៅពីនេះ ចំណូលពីការលក់សំបុត្រភាពយន្តក្នុងអំឡុងសប្តាហ៍មាសនេះ បានកើនរហូតដល់ទៅជាង ៩០០ លានយ័ន ត្រឹមតែរយៈពេល ៥ ថ្ងៃប៉ុណ្ណោះ។
សន្ទុះនៃការប្រើប្រាស់ក្នុងស្រុកនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាលទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនចិនទាំង ១,៤ ប៊ីលាននាក់ ក្នុងការអនុវត្ត «ផែនការប្រាំឆ្នាំទី ១៥ (២០២៦-២០៣០)» ដែលផ្តោតលើការពង្រីកតម្រូវការក្នុងស្រុក ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាព និងការជំរុញការបើកចំហកម្រិតខ្ពស់ជាមួយសហគមន៍អន្តរជាតិ។
ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ភាពរឹងមាំនៃទីផ្សារប្រើប្រាស់របស់ចិន បានដើរតួនាទីជាកម្លាំងស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកល និងនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗសម្រាប់ពិភពលោកផងដែរ។ ជាក់ស្តែង ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៦ ការនាំចេញរបស់ចិនបានកើនឡើង ១៤,៦% ខណៈការនាំចូលបានកើនឡើងរហូតដល់ ២២% (កំណើននៃការនាំចូលកើនលឿនជាងការនាំចេញចំនួន ៦ ខែជាប់ៗគ្នា)។
ការកើនឡើងនៃការនាំចូលរបស់ចិន មិនត្រឹមតែបំពេញតម្រូវការផលិតកម្ម និងការប្រើប្រាស់ក្នុងស្រុកទេ ប៉ុន្តែថែមទាំងផ្តល់នូវការបញ្ជាទិញ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសជាដៃគូពាណិជ្ជកម្មផងដែរ។ គិតត្រឹមឆ្នាំ ២០២៦ ចិនបានផ្តល់ការអនុគ្រោះពន្ធ ០% ដល់ប្រទេសចំនួន ៦៣ ដែលជួយសម្រួល និងបើកផ្លូវសម្រាប់ផលិតផលមកពីប្រទេសកំពុងអភិវឌ្ឍន៍ ឱ្យមានលទ្ធភាពចូលមកកាន់ទីផ្សារយក្សចិន។

សរុបមក «សប្តាហ៍មាស» នៃពិធីបុណ្យជាតិចិន មិនត្រឹមតែជាពេលវេលាសម្រាកកាយរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនភាពរស់រវើក និងភាពធន់នៃសេដ្ឋកិច្ចចិន។ សន្ទុះនៃការប្រើប្រាស់ក្នុងស្រុក និងគោលនយោបាយបើកចំហទីផ្សារជាបន្តបន្ទាប់របស់ចិន នឹងបន្តនាំមកនូវកាលានុវត្តភាពថ្មីៗសម្រាប់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក៕
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
