បទវិភាគ៖ពាណិជ្ជកម្មសេវាកម្មក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើន “សេវាកម្មរបស់ចិន”តភ្ជាប់ជាមួយពិភពលោកទាំងមូល
Cambodia News
ក្រុមហ៊ុនGE Healthcareរបស់អាមេរិកបានដាក់តាំងបង្ហាញឧបករណ៍ថតរូបភាពលំដាប់ខ្ពស់ជាច្រើនដែលផលិតដោយប្រទេសចិន ក្រុមហ៊ុនSchneider Electric SEរបស់បារាំងបានប្រកាសពីសេវាកម្មប្រព័ន្ធបញ្ជរតែមួយពេញមួយជីវិត និងសមិទ្ធផលច្នៃប្រឌិតថ្មី ក្រុមហ៊ុនKPMGដែលជាក្រុមហ៊ុនគណនេយ្យរបស់ប្រទេសហូឡង់បានបង្ហាញពីដំណោះស្រាយច្នៃប្រឌិតថ្មីក្នុងវិស័យដូចជា ឌីជីថលូបនីយកម្មនៅក្នុងប្រទេសចិនជាដើម ។ល។
ក្នុងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២៦ ដែលបើកធ្វើពីថ្ងៃទី៩ដល់ថ្ងៃទី១៣ខែកញ្ញា លោកHenning Kristoffersenតំណាងនៃប្រទេសកិតិ្តយស និងជាទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតន័រវេសប្រចាំប្រទេសចិនបានសម្គាល់ឃើញថា យោងតាមការលើកកម្ពស់គុណភាព និងលំដាប់ថ្នាក់របស់ពាណិជ្ជកម្មសេវាកម្មនៃប្រទេសចិន តម្រូវការខាងសេវាកម្មក្នុងស្រុកចិនក៏បានកើនឡើងជាបន្តបន្ទាប់ ដែលបាននាំមកនូវឱកាសថ្មីដល់សហគ្រាសនៃបណ្តាប្រទេសនានា ក្នុងនោះក៏បូករួមទាំងប្រទេសន័រវេសផងដែរ ។
បច្ចុប្បន្ននេះ រចនាសម័្ពន្ធសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិកំពុងបង្កើតជាថ្មីឡើងវិញយ៉ាងឆាប់រហ័ស ពាណិជ្ជកម្មសេវាកម្មបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពីមួយថ្ងៃទៅមួយថ្ងៃ ។ ទិន្នន័យបានបង្ហាញថា តម្លៃបន្ថែមខាងវិស័យសេវាកម្មសកលត្រូវជា៦៥ភាគរយនៃបរិមាណសរុបនៃសេដ្ឋកិច្ចពិភពលោក និងត្រូវជាជាងមួយភាគបួននៃទំហំសរុបពាណិជ្ជកម្មពិភពលោក ។
ដោយឡែក ឆ្នាំនេះជាឆ្នាំចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥របស់ចិន «របាយការណ៍ការងាររដ្ឋាភិបាល» បានចាត់ទុក“ការលើកកម្ពស់គុណភាពនៃសេវាកម្ម”ជាការងារសំខាន់មួយក្នុងឆ្នាំនេះ ហើយបានលើកឡើងថា នឹងពូនជ្រំ“ម៉ាកយីហោ”របស់សេវាកម្មចិន ។ ក្នុងបរិបទបែបនេះ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់៖ ប្រទេសនិងអង្គការអន្តរជាតិចំនួន៩០បានរៀបចំការតាំងពិព័រណ៍និងរៀបចំសកម្មភាពនានា ក្រុមហ៊ុនលំដាប់កំពូលទាំង៥០០និងសហគ្រាសនាំមុខលើពិភពលោកចំនួនជាង៤រយបានចូលរួមពិព័រណ៍ ហើយបានឈានដល់លទ្ធផលជាផ្លែផ្កាគ្រប់ប្រភេទជាង១២០០ ។ល។
ប្រទេសចិនជាប្រទេសធំទីពីរខាងវិស័យពាណិជ្ជកម្មសេវាកម្មលើពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ “សេវាកម្មចិន”កាន់តែមានតម្លៃនិង“ភាពវៃឆ្លាត ”។ ក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ ទំហំសរុបនៃការនាំចេញនាំចូលសេវាកម្មរបស់ប្រទេសចិនបានកើនឡើង៨,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ការនាំចេញពាណិជ្ជកម្មសេវាកម្មផ្អែកលើជំនាញ ត្រូវជា៥៣,៥ភាគរយនៃការនាំចេញសេវាកម្មសរុប។ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះបានរៀបចំប្លុកពិព័រណ៍អំពីករណី“សេវាកម្មចិន”ជាលើកដំបូង។
ករណីមានចំនួនជិត៤០ភាគរយ ពាក់ព័ន្ធដល់បច្ចេកវិទ្យាស្នូលដូចជាបញ្ញាសិប្បនិម្មិត ម៉ូដែលធំៗ និងភ្នាក់ងារបច្ចេកវិទ្យាវៃឆ្លាតជាដើម ដែលបានបង្ហាញពីកម្លាំងនវានុវត្តន៍យ៉ាងខ្លាំងក្លានៃប្រទេសចិន។ ប្រការនេះ បានផ្តល់កម្លាំងចលករថ្មីសម្រាប់ឱ្យក្រុមហ៊ុនបរទេសដែលធ្វើអាជីវកម្មនៅក្នុងប្រទេសចិនបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ ក៏ដូចជាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនវានុវត្តន៍។
ការពូនជ្រំ“ម៉ាកយីហោ”របស់សេវាកម្មចិន ត្រូវដើរចេញពីប្រទេសចិន ដើម្បីពង្រឹងសមត្ថភាព និងពង្រីកលំហអភិវឌ្ឍន៍ក្នុងកិច្ចសហប្រតិបតិ្តការអន្តរជាតិ ។ ចំណុចលេចធ្លោមួយនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះ គឺបានរៀបចំជាលើកដំបូងនូវ“ប្លុកផ្សព្វផ្សាយសេវាកម្មចិននៅក្រៅប្រទេស” ក្នុងន័យផ្តល់ការគាំទ្រដ៏ជំនាញដល់សហគ្រាសចិនក្នុងការត្រួសត្រាយទីផ្សារអន្តរជាតិ ។ ទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាទីនបានសម្គាល់ឃើញថា ទង្វើនេះ បានឆ្លុះបញ្ចាំងពីសារសំខាន់របស់សេវាកម្មចិនដែលបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងទីផ្សារអន្តរជាតិ។
យោងតាម«សេចក្តីណែនាំស្តីពីការជំរុញការលើកកម្ពស់សមត្ថភាពនិងគុណភាពនៃឧស្សាហកម្មសេវាកម្ម» ដែលចេញផ្សាយដោយរដ្ឋាភិបាលចិនឱ្យដឹងថា ដល់ឆ្នាំ២០៣០ ទំហំសរុបនៃឧស្សាហកម្មសេវាកម្មរបស់ប្រទេសចិននឹងឈានដល់១០០ទ្រីលានយាន់ប្រាក់ចិន ហើយនឹងពូនជ្រំម៉ាកយីហោ“សេវាកម្មចិន”កាន់តែច្រើន ។ ប្រការនេះនឹងបំផុសភាពរស់រវើកនៃពាណិជ្ជកម្មសកល ហើយនឹងចែករំលែកភាគលាភកាន់តែច្រើនជាមួយពិភពលោក៕
