បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា
Cambodia News
ការដឹកនាំរបស់ចិននៅក្នុងការផ្លាស់ប្តូរថាមពលសកល បានបើកទ្វារឱ្យប្រទេសកំពុងអភិវឌ្ឍស្វែងរកផ្លូវទៅកាន់ការអភិវឌ្ឍប្រកបដោយតុល្យភាព រវាងកំណើនសេដ្ឋកិច្ច ការការពារបរិស្ថាន និងការរស់នៅរបស់មនុស្សជាតិ។ នៅពេលដែលពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងពីបម្រែបម្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងវិបត្តិថាមពល ការអភិវឌ្ឍបៃតងបានក្លាយជាស្នូលនៃយុទ្ធសាស្ត្រជាតិ និងអន្តរជាតិ។ ក្នុងបរិបទនេះ ប្រទេសចិន ដែលក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដ៏ធំបំផុតលើពិភពលោក បានកំណត់ខ្លួនឯងជាអ្នកដឹកនាំស្នូលក្នុងដំណើរការផ្លាស់ប្តូរពិភពលោកទៅរកសេដ្ឋកិច្ចកាបូនទាប។ ការស្វែងយល់ពីសមិទ្ធផលនូវវិធីសាស្ត្រ និងការរួមចំណែករបស់ចិន គឺជាចំណេះដឹងមានតម្លៃ ដែលប្រទេសកម្ពុជាអាចប្រើប្រាស់ដើម្បីពន្លឿនការអភិវឌ្ឍបៃតងរបស់ខ្លួន។
ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ ចិនបានធ្វើការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដោយបានដាក់ចេញនូវគោលនយោបាយ “ការអភិវឌ្ឍអរិយធម៌អេកូឡូស៊ី” និងគោលដៅ “30•60” ស្ដីពីការបញ្ចប់ការបញ្ចេញកាបូននៅឆ្នាំ ២០៦០ ។ ការខិតខំប្រឹងប្រែងទាំងនេះបានប្រែក្លាយចិនឱ្យក្លាយជាអ្នកដឹកនាំពិភពលោកក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងរថយន្តអគ្គិសនី ដែលគ្របដណ្ដប់ទំហំផលិតកម្មដ៏ធំ ហើយបណ្ដាលឱ្យថ្លៃដើមនៃបច្ចេកវិទ្យាទាំងនេះធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោក។
ការអភិវឌ្ឍឧស្សាហកម្មថាមពលថ្មីរបស់ចិន បានកាត់បន្ថយថ្លៃដើមនៃបន្ទះសូឡា និងរថយន្តអគ្គិសនីនៅទូទាំងពិភពលោក ដែលធ្វើឱ្យប្រទេសដែលមានដើមទុនតិច ក៏អាចប្រើប្រាស់ថាមពលស្អាតបានដែរ។ ជាមួយគ្នានេះ ចិនបានបង្កើតប្រព័ន្ធឧស្សាហកម្មបៃតងគ្រប់ជ្រុងជ្រោយ ដោយរាប់ចាប់ពីការផលិតថ្មផ្ទុកថាមពល ប្រព័ន្ធបន្ទះសូឡា រហូតដល់ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអគ្គិសនីបៃតង ដែលគាំទ្រដោយការវិនិយោគយ៉ាងច្រើនលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)។ សេនារីយោនៃការផ្លាស់ប្តូរនេះ គឺជាសក្ខីភាពថ្លៃថ្នូ ដែលសន្យាបង្ហាញថា ការការពារបរិស្ថាន និងការកំណើនសេដ្ឋកិច្ច អាចដំណើរការជាមួយគ្នាបាន។
ការអភិវឌ្ឍបៃតងរបស់ចិន មិនត្រឹមតែផ្ដោតតែលើធម្មជាតិប៉ុណ្ណោះទេ ថែទាំងមានភាពខ្លាំងក្នុងការផ្គត់ផ្គង់ ដែលចិនបានលើកកម្ពស់បច្ចេកវិទ្យាបៃតង ដោយធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ ស្ថិតក្នុងស្ថានភាពអំណោយផលដើម្បីពន្លឿនការផ្លាស់ប្តូរថាមពល។ ការចូលរួមរបស់ចិនក្នុងក្របខ័ណ្ឌ SDGs របស់អង្គការសហប្រជាជាតិ ការផ្ដល់បច្ចេកវិទ្យា ការវិនិយោគ និងការចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងបរិស្ថាន ដែលទាំងអស់នេះ បង្ហាញពីរូបភាពរបស់ប្រទេសដែលប្ដេជ្ញាចិត្តប្រឆាំងការផ្លាស់ប្ដូរអាកាសធាតុ ក្នុងឆាកអន្តរជាតិ។ លើសពីនេះទៀត ចិនបានបង្កើតក្របខ័ណ្ឌនៃ “ខ្សែក្រវ៉ាត់ និងផ្លូវបៃតង” ហើយបានវិនិយោគយ៉ាងសកម្ម និងកសាងស្ថានីយថាមពលពន្លឺព្រះអាទិត្យ ថាមពល និងប្រព័ន្ធបណ្ដាញអគ្គិសនីក្នុងប្រទេសជាច្រើននៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន។ ភាពប្លែកដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងដំណើរការទាំងនេះ គឺប្រទេសទទួលមិនត្រឹមតែទទួលបានហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងទទួលបានការបណ្ដុះបណ្ដាលជំនាញ ការបង្កើតការងារ និងការចែករំលែកបច្ចេកទេសក្នុងស្រុកផងដែរ ដែលជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។
ក្នុងបរិបទនៃការអភិវឌ្ឍប្រទេសកម្ពុជាស្ថិតក្នុងទីតាំងដ៏ល្អ ដើម្បីទទួលយកបទពិសោធន៍ ជំនាញ និងការវិនិយោគបៃតងរបស់ចិន។ ការទទួលបាននូវបន្ទះសូឡាដែលមានថ្លៃទាប ប្រព័ន្ធផ្ទុកថាមពល និងរថយន្តអគ្គិសនី ដែលជំរុញដោយទំហំផលិតកម្មរបស់ចិន បានធ្វើឱ្យកម្ពុជាអាចទទួលបានបច្ចេកវិទ្យាទាំងនេះក្នុងតម្លៃសមរម្យ ដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈនាំចូល។ ការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្នុងវិស័យថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធបៃតង នឹងជួយកម្ពុជាបង្កើនសន្តិសុខថាមពល លើកកម្ពស់ការការពារបរិស្ថាន និងបង្វែរការអភិវឌ្ឍសេដ្ឋកិច្ចទៅជាគំរូប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេស សសរស្ដម្ភទីប្រាំស្ដីពីការអភិវឌ្ឍធនធានមនុស្ស និងសង្គម។
សមិទ្ធផលនៃការធ្វើបរិវត្តកម្មបៃតងរបស់ចិន គឺជារឿងពិត មាននិន្នាការ ហើយប្រព័ន្ធទូទៅ។ ចំណេះដឹងដែលចិនចែករំលែក គឺមិនត្រឹមតែជំរុញឱ្យពិភពលោកខាងក្រៅប្ដូរទៅរកសេដ្ឋកិច្ចកាបូនទាបប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្ហាញប្រទេសដូចជាកម្ពុជាថា ផ្លូវទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព គឺអាចដើរបាន ប្រសិនបើឆន្ទៈ ការប្ដេជ្ញា និងកិច្ចសហប្រតិបត្តិការត្រូវវាយតម្លៃ ហើយអនុវត្ដតាមជំហានហ្មត់ចត់ ដោយផ្ដោតលើផលប្រយោជន៍ប្រជាជននិងជាតិ។
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
