ស្រុកបាភ្នំបោះជំហានទៅចិន៖ សិក្សាគំរូអភិវឌ្ឍជនបទទំនើប ពង្រឹងមិត្តភាពប្រជាជននិងប្រជាជន​ កម្ពុជា-ចិន

Cambodia News

(ភ្នំពេញ) នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅសមាគមមិត្តភាពកម្ពុជា-ចិនមានរៀបចំជំនួបពិភាក្សាជាមួយគណៈប្រតិភូរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង ដែលគ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ក្នុងនាមឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ច័ន្ទ សុវណ្ណារ៉េត អនុប្រធានសមាគម បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃសម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការសិក្សាផ្ទាល់ពីគំរូអភិវឌ្ឍជនបទ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងទីក្រុងឆ្លាតវៃ ការអភិវឌ្ឍវិស័យកសិកម្មទំនើប និងការលើកកម្ពស់សេវាសាធារណៈ ដែលប្រទេសចិនបានអនុវត្តយ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា សមាគមមិត្តភាពកម្ពុជា-ចិន នឹងបន្តគាំទ្រយ៉ាងសកម្មដល់បេសកកម្មរបស់រដ្ឋបាលស្រុកបាភ្នំ ក្នុងការពង្រឹងទំនាក់ទំនង និងចងសម្ព័ន្ធភាពជាមួយបណ្តាស្រុក និងក្រុងនានារបស់ប្រទេសចិន។ ឯកឧត្តមបានចាត់ទុកថា ការភ្ជាប់ទំនាក់ទំនងថ្នាក់មូលដ្ឋានបែបនេះ គឺជាស្ពានដ៏សំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសេដ្ឋកិច្ច កសិកម្ម អប់រំ វប្បធម៌ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមទិសដៅនៃការកសាង “សហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី”។

លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិន បានលើកឡើងថា តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងលើការអភិវឌ្ឍវិស័យកសិកម្មបែបទំនើបរបស់ប្រទេសចិន ដែលបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងវិធីសាស្ត្រផលិតឆ្លាតវៃ ដើម្បីបង្កើនទិន្នផល និងប្រាក់ចំណូលរបស់ប្រជាកសិករ។ លោកបានបញ្ជាក់ថា បទពិសោធន៍ទាំងនេះ អាចក្លាយជាគំនិត និងមេរៀនដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍនៅតាមមូលដ្ឋានកម្ពុជា នាពេលអនាគត ជាពិសេសក្នុងបរិបទដែលកម្ពុជាកំពុងជំរុញការធ្វើទំនើបកម្មវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ។

ក្នុងនាមគណៈប្រតិភូដែលមានសមាជិក១០រូប លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកបាភ្នំ បានបង្ហាញក្តីរំពឹងទុកខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ ដោយលោកមានបំណងសិក្សាពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់តំបន់ជនបទចិន ដែលធ្លាប់មានស្ថានភាពលំបាក ប៉ុន្តែអាចបម្លែងខ្លួនទៅជាតំបន់អភិវឌ្ឍទំនើប តាមរយៈការដឹកនាំប្រកបដោយចក្ខុវិស័យ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា បទពិសោធន៍ទាំងនេះ អាចយកមកអនុវត្ត និងសម្របសម្រួលឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែងនៅស្រុកបាភ្នំ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន កែលម្អជីវភាពប្រជាពលរដ្ឋ និងពង្រឹងវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាពនាពេលអនាគត៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close