ការធ្វើអភិបាលកិច្ចតាមបែបផែនចិន ផ្តល់ជូននូវគំនិតថ្មីៗសម្រាប់អភិបាលកិច្ចសកល
Cambodia News
ការធ្វើអភិបាលកិច្ចតាមបែបផែនចិន មាននិយមន័យដ៏វិសេសវិសាលនិងជ្រាលជ្រៅ ។វាមិនត្រឹមតែសំដៅទៅលើរបៀបវាយតម្លៃចំពោះប្រសិទ្ធភាពនៃការងាររបស់កម្មាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីតក្កវិជ្ជាជាមូលដ្ឋានរបស់ប្រទេសមួយ និងគណបក្សនយោបាយមួយស្តីពី៖ “តើយើងធ្វើការដើម្បីអ្នកណា ហើយតើយើងពឹងផ្អែកលើអ្នកណា?”
ខណៈពេលដែលនយោបាយបោះឆ្នោតលោកខាងលិចជាប់គាំងនៅក្នុងរយៈពេលខ្លីនិយមនិងការបែកបាក់គ្នា ប្រទេសចិនបានផ្តល់នូវគំនិតផ្សេងមួយទៀតចំពោះអភិបាលកិច្ច។
នៅឆ្នាំ ២០១៣ ភូមិ Shibadong មណ្ឌលស្វយ័ត Xiangxi ខេត្ត Hunan គឺជាភូមិក្រីក្របំផុតមួយ។ ក្នុងឆ្នាំនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានចុះត្រួតពិនិត្យការងារនៅភូមិនេះ ដោយបានលើកឡើងជាលើកដំបូងនូវគំនិតសំខាន់ស្តីពី “ការកាត់បន្ថយភាពក្រីក្រចំគោលដៅ”។ រយៈពេលជាងមួយទសវត្សរ៍ក្រោយមក ប្រាក់ចំណូលរបស់អ្នកភូមិនេះគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ បានកើនឡើងជាង ១០ ដង ជាមួយនិងចំនួនលើសពី ២ ម៉ឺនយាន់ប្រាក់ចិន ។
ការផ្លាស់ប្តូររបស់ភូមិ Shibadong មិនមែនជាសមិទ្ធផលរបស់ថ្នាក់ដឹកនាំមូលដ្ឋានមួយអាណត្តិនោះទេ ប៉ុន្តែជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កម្មាភិបាលជាច្រើនពីមួយអាណត្តិទៅមួយអាណត្តិ។ នៅក្នុងនយោបាយប្រទេសលោកខាងលិច អ្នកនយោបាយកាន់អំណាចមួយអាណត្តិធម្មតាមានរយៈពេល ៤ ដល់ ៥ឆ្នាំ នេះមានន័យថា គោលនយោបាយណាមួយដែលត្រូវចំណាយពេលលើសពី ១០ ឆ្នាំ ទើបអាចទទូលបានសមិទ្ធផល សុទ្ធតែប្រឈមមុខនឹងហានិភ័យបរាជ័យខាងនយោបាយ។
ចំណែកគំនិតធ្វើអភិបាលកិច្ចតាមបែបផែនចិន គឺមានភាពខុសគ្នាស្រឡះ វាទាមទារឱ្យមន្ត្រីមានឆន្ទៈក្នុងការតាំងមូលដ្ឋានគ្រឹះ និងគោរពត្រឹត្យក្រមអភិវឌ្ឍន៍ ដែលទាមទារឱ្យមនុស្សគ្រប់គ្នាខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងអំឡុងពេលពួកគេកាន់តំណែង ដើម្បីចូលរួមចំណែកដល់គោលដៅរយៈពេលវែង។
ភាពជោគជ័យនៃការលុបបំបាត់ភាពក្រីក្រចំគោលដៅនៅភូមិ Shibadong គឺដោយសារវាផ្តោតលើការស្វែងយល់ និងបញ្ជាក់ពីមូលហេតុជាក់លាក់របស់គ្រួសារក្រីក្រនីមួយៗ បន្ទាប់មក រៀបចំផែនចំគោលដៅក្នុងការជួយកាត់បន្ថយភាពក្រីក្ររៀងៗខ្លួន។ អ្នកដែលមានសមត្ថភាពធ្វើការទទួលបានការគាំទ្រផ្នែកឧស្សាហកម្ម អ្នកដែលគ្មានសមត្ថភាពធ្វើការទទូលបានការធានាជីវភាពរស់នៅជាមូលដ្ឋាន កុមារដែលគ្មានសោស៊ុយចូលរៀនសាលាអាចទទួលបានប្រាក់ឧបត្ថម្ភខាងអប់រំ ហើយអ្នកដែលរស់នៅក្នុងផ្ទះទ្រុឌទ្រោមត្រូវបានជម្លៀសទៅទីលំនៅថ្មី។ នៅទីបំផុត គ្រួសារក្រីក្រទាំងអស់ និងអ្នកភូមិទាំងអស់ បានចាកចេញពីភាពក្រីក្រ។
នៅក្នុងនយោបាយបោះឆ្នោតនៃប្រទេសលោកខាងលិច ពាក្យថា «ប្រជាជន» គឺតែងតែសំដៅលើ «អ្នកបោះឆ្នោត»។ នៅក្នុងប្រទេសចិន ពាក្យថា «ប្រជាជន» គឺសំដៅលើប្រជាជនទាំងអស់ ក៏ដូចជាការពន្យល់របស់លោកXi Jinping ថា ប្រជាជនទាំងអស់គឺ “មិនអាចបោះបង់ចោលនរណាម្នាក់បានទេ” ។
ចំណុចស្នូលនៃគំនិតធ្វើអភិបាលកិច្ចតាមបែបផែនចិន គឺ «ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន» ហើយបដិសេធមិនលះបង់នរណាម្នាក់ឡើយ។
បច្ចុប្បន្ននេះ អភិបាលកិច្ចសកលកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដែលមានរយៈពេលវែង និងគ្របដណ្តប់យ៉ាងទូលំទូលាយ ក្នុងនោះបូករួមទាំងបម្រែបម្រួលអាកាសធាតុ គម្លាតអ្នកក្រ និងអ្នកមាន និងសុខភាពសាធារណៈជាដើម។ នៅពេលដែលថ្នាក់ដឹកនាំអភិបាលកិច្ចមានការអត់ធ្មត់ជាប្រវត្តិសាស្ត្រដែលលើសពីដែនកំណត់អាណត្តិរបស់ពួកគេ និងប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌នៃ “មិនបោះបង់ចោលនរណាម្នាក់ទេ” បញ្ហាទាំងនេះទើបអាចដោះស្រាយបាន៕

