ក្រសួងការពារជាតិ៖ ក្រោយការផ្ទុះមីន កម្លាំងកម្ពុជា-ថៃ នៅជួរមុខបានទាក់ទងគ្នា និងធា​នា​សភាពការណ៍

Cambodia News

ក្រសួងការពារជាតិ ​នៅព្រឹកថ្ងៃទី១១ ខែ​វិច្ឆិកា​នេះ បានបញ្ជាក់ថា ក្រោយហេតុការណ៍ផ្ទុះមីននេះភ្លាម ​​កង​កម្លាំង​នៃ​យោធ​ភូមិភាគទី៤កម្ពុជា និងកងកម្លាំង​ថៃ ដែលនៅជួរមុខ បាន​​ទំ​នាក់​ទំនងគ្នា ហើយគិតមកដល់​ម៉ោង​នេះ ​សភាពការណ៍មានភាពស្ងប់ស្ងាត់ ​មិនមានភាព​តាន​តឹងទេ។ ​

ក្រសួងការពារជាតិកម្ពុជា បានកត់សម្គាល់ថា ​តាំងពីថ្ងៃ១០ ខែវិច្ឆិកា មក​ដល់ថ្ងៃនេះ បណ្តាសារព័ត៌មានរបស់ថៃមួយចំនួ​នបានចេញផ្សាយដោយដ​កស្រង់ស​ម្តី​ថ្នាក់ដឹកនាំប្រទេសថៃ និងមន្ត្រីនៃកងយោធាថៃ​ដែលបានចោទប្រកាន់មកលើកម្ពុជា​ថា​បានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់ នៅខេត្តព្រះវិហារ។

​ក្រសួងការពារជាតិកម្ពុជា បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់នេះ និងថា ទីតាំងនៃមាន​ឧបទ្ទវហេតុ​​ផ្ទុះគ្រាប់មី​ននោះ ជាតំបន់ចម្ការមីនចាស់​ដែលបន្សល់​ទុក​ពី​សង្គ្រាមស៊ីវិល​របស់​កម្ពុជា។

ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ ក្រសួងការពារជាតិកម្ពុជា​ អំពាវនាវឱ្យភាគីថៃ ចៀសវៀងការដើរល្បាតចូលក្នុងតំបន់ ចម្ការមីន​ចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាចម្ការមីន ដែលជា​សំណល់​ពីសង្គ្រាម​ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។»។

លោកស្រី ម៉ាលី សុជាតា បន្ថែមដូច្នេះ ​ដោយបន្តបញ្ជាក់ថា ដើម្បីលើក​កម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជា​ពិសេស​ធានាដល់សន្តិសុខ និង​សុវត្ថិភាពរបស់ប្រជាជនស៊ីវិល ក្រសួងការពារជាតិ​កម្ពុជា បន្តប្តេជ្ញាចិត្ត ធ្វើការឱ្យបាន​ជិត​ស្និទ្ធ​ជាមួយភាគីថៃ ​ស្របតាមសេចក្តីថ្លែងការណ៍រួម ស្តីពី​សន្តិភាព​កម្ពុជា-ថៃ៕

Related Articles

Back to top button
Close
Close