ជំនួបកម្រិតខ្ពស់ចិន-អាមេរិកបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចសកលប្រកបដោយស្ថិរភាព

Cambodia News/

គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក ដែលបានដាក់ចេញដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន និងកំពុងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក។ វាមិនត្រឹមតែធ្វើឱ្យអាម៉េរិក ដែលធ្លាប់តែជាជើងឯកនៃពាណិជ្ជកម្មសេរី ដើរបញ្ច្រាសនិន្នាការប្រវត្តិសាស្ត្រទេ ប៉ុន្តែថែមទាំងផ្តល់ផលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងអាម៉េរិក និងដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជាប្រទេសចិនផងដែរ។

ការគំរាមកំហែងដំឡើងអត្រាពន្ធគយបដិការរបស់អាម៉េរិករហូតដល់ ១៤៥% លើទំនិញនាំចូលពីចិន បានជំរុញឱ្យរដ្ឋាភិបាលចិនចាត់វិធានការវាយបកវិញជាមួយនឹងការបង្កើនអត្រាពន្ធគយប្រមាណ ១២៥% លើទំនិញនាំចូលពីអាម៉េរិក ព្រមទាំងចាប់ផ្តើមរឹតត្បិតការនាំចេញទៅអាម៉េរិកនូវសារធាតុដីកម្រ និងសារធាតុរ៉ែផ្សេងទៀត ដែលសុទ្ធសឹងតែចាំបាច់សម្រាប់វិស័យអេឡិចត្រូនិក និងឧស្សាហកម្មយោធា។ 

ខណៈដែលរដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ អះអាងថា “ពន្ធគយនឹងធ្វើឱ្យអាម៉េរិកអស្ចារ្យម្តងទៀត” ការពិតដែលមិនអាចប្រកែកបាននោះគឺថា គ្មានប្រទេសណាមួយអាចគេចផុតពីផលប៉ះពាល់នៃសង្រ្គាមពន្ធគយនោះឡើយ រួមទាំងអាម៉េរិកខ្លួនឯងផងដែរ។ 

ប្រឈមមុខនឹងភាពតានតឹងនៃសង្រ្គាមពន្ធគយរវាងប្រទេសទាំងពីរ វិស័យសេដ្ឋកិច្ចសំខាន់ៗរបស់អាម៉េរិកដូចជា កសិកម្ម ផលិតកម្ម និងបច្ចេកវិទ្យា កំពុងជួបប្រទះនឹងវិបត្តិនាំចេញ ជាពិសេសសម្រាប់មុខទំនិញនាំចេញទៅប្រទេសចិន។ តួយ៉ាង ទីផ្សារសណ្តែកសៀងរបស់អាម៉េរិក បានទទួលរងផលប៉ះពាល់យ៉ាងដំណំ បន្ទាប់ពីចិនសម្រេចដាក់ពន្ធគយបន្ថែម និងបង្រ្កាបការនាំចូលសណ្តែកសៀងពីអាម៉េរិក ដោយបង្វែរការបញ្ជាទិញពីប្រទេសប្រេស៊ីលជំនួសវិញ។ 

តាមការចេញផ្សាយរបស់នាយកដ្ឋានពាណិជ្ជកម្ម សេដ្ឋកិច្ចអាម៉េរិកបានធ្លាក់ចុះប្រមាណ ០.៣% ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ នេះ។ សេដ្ឋវិទូ និងអ្នកស្រាវជ្រាវជាន់ខ្ពស់ ប្រចាំស្ថាប័ន Brookings បានព្រមានថា “តម្រូវការក្នុងស្រុកអាម៉េរិក នឹងបន្តធ្លាក់ចុះក្នុងត្រីមាសទីពីរ ខណៈ GDP ក៏ទំនងជានឹងបន្តធ្លាក់ចុះផងដែរ”។ 

ទាំងនេះគឺជាតឹកតាងបង្ហាញយ៉ាងច្បាស់ថា ផ្នត់គំនិតល្បែងសូន្យបូក (zero-sum game) របស់អាម៉េរិក ក្នុងការដាក់សម្ពាធសេដ្ឋកិច្ចឯកតោភាគី និងសង្រ្គាមពន្ធគយ មិនបានទទួលជោគជ័យឡើយ ហើយនៅចុងបញ្ចប់ក៏គ្មានអ្នកឈ្នះពិតប្រាកដក្នុងសង្រ្គាមពាណិជ្ជកម្មដែរ ពោលគឺមានតែរងការខូចខាតប្រយោជន៍ទៅវិញទៅមកតែប៉ុណ្ណោះ។ 

ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក  សហរដ្ឋអាម៉េរិក និងប្រទេសចិន មានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ និងស្មុគ្រស្មាញបំផុត ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវភាពរឹងមាំ និងស្ថិរភាពនៃនិម្មាបនកម្មសេដ្ឋកិច្ចសកល។ រាល់ការប៉ុនប៉ងបំបែកសេដ្ឋកិច្ចរបស់មហាអំណាចទាំងពីរនេះឱ្យចេញពីគ្នា រមែងនាំមកនូវការរំខានឥតគណនាដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ការកើនឡើងនៃថ្លៃដើមផលិតកម្ម និងអស្ថរិភាពទីផ្សារសកល ដែលនឹងនាំមកនូវការខាតបង់ដល់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល។ 

យ៉ាងណាមិញ អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងបរិបទនៃការកើនឡើងកំដៅសង្រ្គាមពន្ធគយ រវាងអាម៉េរិក និងចិននោះគឺថា ភាគីទាំងពីរបានងាកទៅរកតុចរចា ដើម្បីដោះស្រាយភាពតានតឹងនៃជម្លោះពាណិជ្ជកម្ម ដូចបានស្តែងចេញតាមរយៈជំនួបកម្រិតខ្ពស់ជាលើកដំបូង រវាងរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក និងឧបនាយករដ្ឋមន្ត្រីចិន កាលពីថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាពេលកន្លងទៅថ្មីៗនេះ។ ជំនួបកម្រិតខ្ពស់នេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការជ្រើសរើសកិច្ចសន្ទនា និងការចរចា ជាជាងការបន្តប្រឈមមុខដាក់គ្នា ប៉ុន្តែថែមទាំងនាំមកនូវលទ្ធផលផ្លែផ្កាគួរជាទីពេញចិត្តផងដែរ។ 

យោងតាមសេចក្តីថ្លែងការណ៍រួមចិន-អាម៉េរិក ប្រទេសទាំងពីរបានឯកភាពគ្នាផ្អាកចំណាត់ការពន្ធបដិការរយៈពេល ៩០ថ្ងៃ ដែលក្នុងនោះអាម៉េរិក នឹងទម្លាក់ពន្ធគយលើទំនិញនាំចូលពីចិន មកត្រឹម៣០% ខណៈចិននឹងទម្លាក់ពន្ធគយលើទំនិញនាំចូលពីអាមេរិក មកត្រឹម១០% វិញ។ នេះគឺជាការបោះជំហានដ៏សំខាន់មួយប្រកបដោយភាពវិជ្ជមាន ក្នុងដំណើរឆ្ពោះទៅរកការបន្ធូរបន្ថយ និងស្វែងរកដំណោះស្រាយសម្រាប់ជម្លោះពាណិជ្ជកម្មដែលកំពុងតែតានតឹង។ 

ជារួម មានតែការចរចា និងកិច្ចសន្ទនាទេ ទើបជាមាគ៌ានាំទៅរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ដរាបណាមហាអំណាចសេដ្ឋកិច្ចទាំងពីរ ប្រកាន់យកនូវកិច្ចសន្ទនាត្រង់ទៅ-ត្រង់មក ដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក នោះអាម៉េរិក និងចិន នឹងអាចស្វែងរកនូវកុងសង់ស៊ីសរួមមួយ ដើម្បីធានាឱ្យបាននូវស្ថិរភាពនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដែលមានសារៈសំខាន់មិនត្រឹមតែសម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរនោះទេ តែសម្រាប់និម្មាបនកម្មសេដ្ឋកិច្ចសកលផងដែរ៕

ដោយលោក ហ៊ូ ចំរើន 

អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close