និយ័តករធានារ៉ាប់រងកម្ពុជា ចុះផ្សព្វផ្សាយស្តីពីនីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រងនៅខេត្តកំពង់ធំ ក្នុងគោលដៅលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង

សារព័ត៌មាន​ Cambodia News/

ខេត្តកំពង់ធំ ៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី៦ ខែមីនានេះ បានចុះផ្សព្វផ្សាយស្តីពី “នីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រង” ដល់សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។

សិក្ខាសាលាផ្សព្វផ្សាយស្តីពី “នីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រង” ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមជូនដល់ប្រជាពលរដ្ឋអំពីសារប្រយោជន៍នៃការធានារ៉ាប់រង សញ្ញាណទូទៅនៃការធានារ៉ាប់រង ប្រភេទនៃបណ្ដឹងធានារ៉ាប់រង នីតិវិធីនៃការដាក់ពាក្យបណ្ដឹងធានារ៉ាប់ង និងយន្តការនៃការដោះស្រាយបណ្តឹងធានារ៉ាប់រង ក្នុងគោលដៅលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង។

លោក វ៉ា វិជ្ជា ប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយដែលកំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ គិតត្រឹមបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ជាមួយនេះ គិតត្រឹមឆ្នាំ២០២៤ ទំហំបុព្វលាភដុល មានជាង ៣៧០ លានដុល្លារអាម៉េរិក និងទ្រព្យសកម្មសរុបមាន ជាង ១.២ ប៊ីលានដុល្លារអាម៉េរិក និងមានផលិតផលសម្បូរបែប មានជាអាទិ៍៖ ផលិតផលធានារ៉ាប់រង អាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រងទ្រព្យសម្បត្តិ, ធានារ៉ាប់រង ភារៈទទួលខុសត្រូវធានារ៉ាប់រងយានយន្ត, ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន រហូតដល់ធានារ៉ាប់រង ខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប។

លោក វ៉ា វិជ្ជា បានឱ្យដឹងបន្ថែមថា វិស័យធានារ៉ាប់រង បានចូលរួមភាគទានក្នុងសេដ្ឋកិច្ចកម្ពុជា ប្រមាណ ១.១៧% ហើយការប្រើប្រាស់សេវាធានារ៉ាប់រង ជាដង់ស៊ីតេធានារ៉ាប់រង ក្នុងឆ្នាំ២០២៤ បានកើន ២២.៣៣ ដុល្លារអាម៉េរិក សម្រាប់មនុស្សម្នាក់។

លោក វ៉ា វិជ្ជា បានលើកឡើងថា “ការយល់ដឹងលើការធានារ៉ាប់រង និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការដាក់ពាក្យបណ្តឹងធានារ៉ាប់រង មកនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងប្រទេសកម្ពុជានៅមានលក្ខណៈចង្អៀតនៅឡើយ។ ហេតុនេះ បេសកកម្ម ចម្បងមួយរបស់និយ័តករធានារ៉ាប់រង គឺផ្សព្វផ្សាយនិងអប់រំសាធារណជនអំពីសារប្រយោជន៍ នៃការធានារ៉ាប់រង និងកិច្ចការពារអតិថិជនធានារ៉ាប់រង ដែលការណ៍នេះមានកំណត់ជាក់លាក់ក្នុងក្របខណ្ឌ យុទ្ធសាស្ត្រអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា របស់និយ័តករធានារ៉ាប់រងកម្ពុជា។”
ក្នុងន័យនេះ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “នីតិវិធីនៃការទទួល និងការដោះស្រាយបណ្តឹងធានារ៉ាប់រង” គឺក្នុងគោលដៅបញ្ជ្រាបនូវការយល់ដឹងបន្ថែមជូនដល់មន្ត្រីរាជការ និងសាធារណជន អំពីប្រភេទនៃបណ្ដឹងធានារ៉ាប់រង នីតិវិធីនៃការដាក់ពាក្យបណ្តឹង និង តួនាទីរបស់និយ័តករក្នុងការដោះស្រាយបណ្តឹងធានារ៉ាប់រង ក៏ដូចជាខ្លឹមសារនៃច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធការធានារ៉ាប់រង។ ក្រៅអំពីការផ្សព្វផ្សាយ សិក្ខាសាលានេះ ក៏មានគោលបំណងបើកជា វេទិកាពិភាក្សា ដើម្បីស្រាយបំភ្លឺរាល់ចម្ងល់នានាពាក់ព័ន្ធវិស័យធានារ៉ាប់រងផងដែរ។

តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ បានចូលរួមសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់និយ័តករធានារ៉ាប់រងកម្ពុជា ជាពិសេស ការគិតគូរនិងយកចិត្តទុកដាក់ និងការការពារចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់សេវាធានារ៉ាប់រង តាមរយៈការបង្កើតឱ្យមាននូវយន្តការផ្សះផ្សាវិវាទធានារ៉ាប់រង ដែលជាកត្តាសំខាន់ក្នុងការចូលរួមពង្រឹងទំនុកចិត្តរបស់សាធារណជនលើវិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាទាំងមូល ដើម្បីជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាព និងនិរន្តរភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close