មន្ត្រីជំនាញផ្នែកសន្តិសុខសាយប័រ៖ សុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត គឺជារឿងចាំបាច់បំផុតសម្រាប់យុវជន ក្នុងយុគ សម័យបច្ចុប្បន្ន
Cambodia News/
ភ្នំពេញ ៖ វឌ្ឍនភាពឌីជីថលនេះនាំមកនូវអត្ថប្រយោជន៍ជាច្រើន ប៉ុន្តែវាក៏បានពង្រីកហានិភ័យនៃសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត ដែលយុវជនចាំបាច់ត្រូវតែត្រៀមខ្លួនឲ្យបានរួច រាល់ កុំឲ្យធ្លាក់ខ្លួនក្លាយជាជនរងគ្រោះដោយសារការបោកបញ្ចោតតាមប្រព័ន្ធអ៊ិនធើណេត។ នេះជាការបញ្ជាក់របស់លោក លោក ជា លីនណា អ្នកជំនាញបច្ចេកទេសសន្តិសុខសាយប័រ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសនីយ៏ និងទូរគមនាគមន៏។
អ្នកជំនាញបច្ចេកទេសសន្តិសុខសាយប័រ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសនីយ៏ និងទូរគមនាគមន៏មួយក្រុម បានរៀបចំជាគម្រោង «ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ» ដើម្បីចែករំលែកវិធីការពារសុវត្ថិភាពលើប្រព័ន្ធ អ៊ិនធើណេត ឆ្លើយតបទៅនឹងការរីកចំរើននៃបច្ចេកវិទ្យាឌីជីថល។ ថ្លែងក្នុងវេទិកាស្ដីពីសន្តិសុខសាយប័រសម្រាប់យុវជន នារសៀលថ្ងៃទី២២ ខែធ្នូ នៅសាលមហោស្រព CJCC លោក លោក ជា លីនណា អ្នកជំនាញបច្ចេកទេសសន្តិសុខសាយប័រ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសនីយ៏ និងទូរគមនាគមន៏ បានមានប្រសាសន៏ថា បច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមនៅបកម្ពុជាមានការកើនឡើង ប៉ុន្តែចំណេះដឹងពីសុវត្ថិភាពសន្តិសុខសាយប័រនៅមិនទាន់ទូលំទូលាយនៅឡើយ ដែលនាំឱ្យកម្រិតហានិភ័យនៃការរងគ្រោះស្ថិតក្នុងលំដាប់ខ្ពស់ និងមិនអាចឆ្លើយតបបានទាន់ពេលវេលានៅពេលមានឧប្បត្តិហេតុណាមួយកើតឡើង។
ហានិភ័យទាំងនោះរួមមានការបោកបញ្ឆោតអនឡាញ ការផ្ញើតំណភ្ជាប់ក្លែងបន្លំ ការជ្រៀតចូលនៃមេរោគ ការលួចអត្តសញ្ញាណ និងការលួចព័ត៌មានទិន្នន័យជាដើម។ លោកបន្តថា វេទិកាសន្តិសុខសាយប័រ នាពេលនេះគឺសំដៅលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគំរាមកំហែង និងសុវត្ថិភាពតាមអ៊ីនធឺណែត ដល់អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសនិស្សិត។
និស្សិតដែលបានចូលរួមក្នុងវេទិកា ស្ដីពីសន្តិសុខសាយប័រសម្រាប់យុវជន បានបង្ហាញការពេញចិត្តចំពោះការចែករំលែកពីការវីធីសាស្ត្រក្នុងទប់ស្កាត់ ការបោកបញ្ចោទតាមប្រព័ន្ធអ៊ិនធើណេត ដែលជាកត្តាសំខាន់ក្នុងសម័យ បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
យោងតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ការធានាឱ្យមានសុវត្ថិភាពនិងនិរន្តភាពនៃសន្តិសុខឌីជីថល គឺជាសកម្មភាពអាទិភាពយ៉ាងសំខាន់មួយក្នុងការចូលរួមជម្រុញការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលប្រកបដោយប្រសិទ្ធភាព គុណភាព និងបរិយាបន្ន។ ដើម្បីចូលរួមគាំទ្រគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្ដួចផ្ដើមធ្វើគម្រោង “ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ ដែលជាគម្រោងយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹងអំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ។
សូមជម្រាបថា «គម្រោង ខែនៃការយល់ដឹងអំពីសន្តិសុខសាយប័រ» មានរយៈពេល ១ខែ ដែលប្រព្រឹត្តទៅចាប់ផ្ដើមពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយបានរៀបចំធ្វើបទបង្ហាញ សិក្ខាសាលា នៅតាមគ្រឹះស្ថានសិក្សាចំនួន ០៥ នៅរាជ ធានីភ្នំពេញ ជាមួយនឹងការរៀបចំ វេទិកាស្ដីពីសន្តិសុខសាយប័រសម្រាប់យុវជន ដើម្បីផ្សព្វផ្សាយណែនាំពីសន្តិសុខសាយប័រ ចែករំលែកវិធីសាស្ត្រក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ព្រមទាំងបង្កើតជាសង្គមមួយដែលមានសុវត្ថិភាពសម្រាប់កម្ពុជា៕