បទវិភាគ៖សម្លឹងមើលភាពធន់និងភាពរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន

តាមរយៈពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Caton )

Cambodia News/

សហគ្រាសចំនួនលើសពី ៣ ម៉ឺនសហគ្រាសបានចូលរួមក្នុងការតាំងពិព័រណ៍នៅនឹងកន្លែង ផលិតផលថ្មីចំនួនលើសពី ១ លានត្រូវបានដាក់តាំងបង្ហាញ ហើយអ្នកបញ្ជាទិញនៅក្រៅប្រទេសចំនួនប្រហែល ១៥ សែននាក់បានចុះឈ្មោះក្នុងបញ្ជីទុកជាមុន ។ល។ ក្នុងនាមជា”កញ្ចក់”ឆ្លុះបញ្ចាំងពីពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Caton )លើកទី ១៣៦ ដែលកំពុងធ្វើឡើងមានប្រជាប្រិយភាពយ៉ាងខ្លាំង ។

ពិព័រណ៍លើកនេះបានរៀបចំឡើងដោយចែកជាបីដំណាក់កាលនៅទីក្រុងក្វាងចូវពីថ្ងៃទី ១៥ ខែតុលាដល់ថ្ងៃទី ៤ ខែវិច្ឆិកា ។ សាលពិព័រណ៍មានទំហំសរុប ១,៥៥ លានម៉ែត្រការ៉េ មានស្តង់ពិព័រណ៍ចំនួន ៧ ម៉ឺន ៤ ពាន់ស្តង់ សហគ្រាសថ្មី ផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងអាជីវកម្មថ្មីបានលេចចេញជាច្រើន ហើយសហគ្រាសដែលចូលរួមក្នុងការតាំងពិព័រណ៍ថ្មីមានចំនួនជិត ៤,៦០០ សហគ្រាស ។ ការដាក់តាំងបង្ហាញនៅនឹងកន្លែងក្នុងដំណាក់កាលដំបូងបានផ្ដោតលើ”ផលិតកម្មជឿនលឿន” ក្នុងចំណោមនោះ មានស្តង់សហគ្រាសដែលត្រូវបានហៅថាជាផលិតកម្មកម្មន្តសាលជើងឯកនិងបច្ចេកវិទ្យាខ្ពស់ថ្មីថ្នាក់ជាតិជាដើមមានចំនួនលើសពី ១១០០០ ដែលកើនឡើង ៣៥,៥ ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ។

គិតត្រឹមថ្ងៃទី ១០ ខែតុលា អ្នកបញ្ជាទិញក្រៅប្រទេសចំនួន ១២ សែន ៥ ម៉ឺននាក់ដែលមកពីប្រទេសនិងតំបន់ចំនួន ២០៣ បានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មទុកជាមុន ហើយក្នុងចំណោមសហគ្រាសលក់រាយលំដាប់កំពូលទាំង ២៥០ លើទូទាំងពិភពលោកមានចំនួន ២២៣ សហគ្រាសបានប្រាកដថា នឹងចូលរួមពិព័រណ៍លើកនេះដែលកើនឡើង ២៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃពិព័រណ៍លើកមុន ។

ក្នុងពិព័រណ៍លើកនេះ ពាណិជ្ជករចិននិងបរទេសបានសម្រេចបាននូវកិច្ចព្រមព្រៀងសហប្រតិបត្តិការយ៉ាងសកម្ម ហើយសន្ទស្សន៍គ្រប់ផ្នែកបានបំបែកកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្ត្រម្តងទៀត ។ ពាណិជ្ជករបរទេសជាច្រើនបាននាំគ្នាឈរមើលផលិតផលគុណភាពថ្មីរបស់ប្រទេសចិន ដូចជាមនុស្សយន្តខាងវិស័យឡូជីស្ទិកដោយស្វ័យប្រវត្តិពេញលេញ ឧបករណ៍ម៉ាស៊ីនគ្រប់គ្រងដោយឌីជីថលនិងកង់អ៊ីដ្រូសែនសាធារណៈជាដើម ហើយបាននាំគ្នាកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការបែបបើកចំហនិងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ។

លោក Chu Shijia ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិននៃក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា “បើមើលពីពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន ផលិតផលចិននិងម៉ាកយីហោចិនបានឈានដល់កម្រិតថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” ។ ប្រទេសចិនមានជំនឿចិត្តនិងមានសមត្ថភាពក្នុងការផ្តល់ផលិតផលដែលផលិតដោយប្រទេសចិននិងផលិតផលដែលច្នៃប្រឌិតដោយប្រទេសចិនកាន់តែច្រើននិងកាន់តែល្អដល់ពិភពលោក ។

ចាប់តាំងពីចូលឆ្នាំនេះមក សេដ្ឋកិច្ចចិនបានរក្សាស្ថិរភាពជាទូទៅនិងមានការរីកចម្រើនជាលំដាប់ ។ ទិន្នន័យបង្ហាញឱ្យឃើញថា នៅបីត្រីមាសដំបូងនៃឆ្នាំ ២០២៤ ការនាំចេញនាំចូលទំនិញរបស់ប្រទេសចិនមានចំនួនដល់ទៅ ៣២,៣៣ ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង ៥,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ក្នុងចំណោមនោះ ការនាំចេញបានកើនឡើង ៦,២ ភាគរយ ការនាំចូលបានកើនឡើង ៤,១ ភាគរយ ។

មតិសាធារណៈអន្តរជាតិបានលើកឡើងថា ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញនិងការគាំពារនិយមផ្នែកពាណិជ្ជកម្មសកលកាន់តែខ្លាំងក្លា ការដែលពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនសម្រេចបាននូវកំណើនជាលំដាប់ដោយលើសពីការរំពឹងទុក វាគឺបានមកដោយមិនងាយទេ ។ នេះគឺដោយសារតែប្រទេសចិនមានខ្សែសង្វាក់ផ្គត់ផ្គង់ផ្នែកផលិតកម្មយ៉ាងពេញលេញ មានប្រសិទ្ធិភាពខាងសេដ្ឋកិច្ចដែលមានទ្រង់ទ្រាយមធ្យមនិងធំនិងវឌ្ឍនភាពខាងបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ។ ផលិតផលចិនមានភាពប្រកួតប្រជែងយ៉ាងខ្លាំង ដែលបានផ្តល់មូលដ្ឋានគ្រឹះនិងការធានាដល់ការពង្រីកទីផ្សារអន្តរជាតិជាបន្តបន្ទាប់ ។ លើសពីនេះទៅទៀត សេដ្ឋកិច្ចរបស់ប្រទេសចិនមានមូលដ្ឋានល្អប្រសើរ មានទីផ្សារធំទូលាយ មានភាពធន់និងសក្ដានុពលខ្លាំង បូករួមទាំងការអនុវត្តជាបន្តបន្ទាប់នូវគោលនយោបាយដែលមានស្រាប់និងគោលនយោបាយបន្ថែម កត្តាវិជ្ជមាននៃការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

ការអភិវឌ្ឍរបស់ប្រទេសចិនគឺជាឱកាសរបស់ពិភពលោក ។ ឆ្ពោះទៅរកអនាគត ប្រទេសចិននឹងបន្តចែករំលែកសក្តានុពលទីផ្សារដ៏ធំធេងរបស់ខ្លួន ភាពរស់រវើកនៃការច្នៃប្រឌិតថ្មីយ៉ាងផុលផុសនិងភាគលាភនៃការអភិវឌ្ឍដ៏ខ្លាំងក្លាជាមួយសហគមន៍អន្តរជាតិដើម្បីបំពេញបន្ថែមស្ថិរភាពកាន់តែច្រើនដល់សេដ្ឋកិច្ចពិភពលោកតាមរយៈភាពប្រាកដប្រជានៃសេដ្ឋកិច្ចរបស់ប្រទេសចិន ៕

Related Articles

Back to top button
Close
Close