អត្ថាធិប្បាយ៖ ចិននិងអាស៊ានកំពុងប្រកៀកស្មាគ្នាឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួមដែលកាន់តែស្អិតល្មួត
Cambodia News/
ក្នុងនាមជាប្រទេសជិតខាង ប្រទេសចិននិងបណ្តាប្រទេសអាស៊ានមានទំនាក់ទំនងមិត្តភាពប្រពៃណីដ៏យូរលង់ ។ កាលពី ៣២ ឆ្នាំមុន ភាគីទាំងពីរចិននិងអាស៊ានបានបង្កើតទំនាក់ទំនងដៃគូសន្ទនា ហើយកាលពីឆ្នាំ ២០២១ ភាគីទាំងពីរបានប្រកាសលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាសញ្ញាបង្ហាញថា ចិននិងអាស៊ានកំពុងប្រកៀកស្មាគ្នាដើរតាមមាគ៌ាអភិវឌ្ឍន៍រួមដើម្បីឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួមដែលកាន់តែស្អិតល្មួត ។
-ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន
ប្រទេសចិននិងអាស៊ានមិនត្រឹមតែមានទឹកដីជាប់គ្នាឬស្ថិតនៅក្បែរខាងគ្នាប៉ុណ្ណោះទេ ថែមទាំងមានអរិយធម៌បូព៌ាប្រទេសដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាទៀតផង ពិសេសមានជនជាតិចិនជាច្រើនដែលបានទៅរស់នៅប្រទេសអាស៊ានជាច្រើនជំនាន់ ដែលបានដើរតួនាទីជាស្ពានសម្រាប់តភ្ជាប់ចំណងមេត្រីភាពរវាងប្រទេសចិនជាមួយប្រទេសទាំងនេះ រហូតមានប្រទេសជាមិត្តមួយចំនួនមានចំណងមិត្តភាពរឹងមាំដូចដែកថែបជាមួយចិនទៀតផង តួយ៉ាងដូចជាប្រទេសកម្ពុជា ។ បច្ចុប្បន្ន ក្នុងចំណោមប្រទេសអាស៊ាន មានប្រទេសជាច្រើនដែលបានប្រកៀកស្មាជាមួយប្រទេសចិនដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមដែលមានភាពកាន់តែស្អិតល្មួត ។ ឯចិននិងកម្ពុជាបានឈានចូលដំណាក់កាលកសាងសហគមន៍ជោគវាសនារួមដែលប្រកបដោយកម្រិតខ្ពស់ គុណភាពខ្ពស់និងស្តង់ដាខ្ពស់ក្នុងយុគសម័យថ្មី ។
-កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
តាមការលើកឡើងរបស់មន្ត្រីក្រសួងពាណិជ្ជកម្មចិន គិតចាប់ពីឆ្នាំ ២០១៣ មក កំណើនពាណិជ្ជកម្មរវាងចិននិងអាស៊ានគិតជាមធ្យម ៧.៥% ក្នុងមួយឆ្នាំ ។ ក្នុងឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ៩១១.៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាស៊ានក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា ចំណែកអាស៊ានជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ប្រទេសចិនក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា ។ ៧ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ានបានឡើងដល់ចំនួន ៥៥២ ប៊ីលានដុល្លារអាមេរិក កើនឡើងចំនួន ៧.៧ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។
កត្តាដែលនាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីចិននិងអាស៊ានមានការកើនឡើងជាលំដាប់ គឺដោយសារតែក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ ប្រទេសអាស៊ានបានក្លាយជាគំរូនៃការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ជាមួយប្រទេសចិន ពោលគឺទាំងសមាគមអាស៊ាននិងប្រទេសសមាជិកទាំង ១០ សុទ្ធតែបានចុះហត្ថលេខាលើឯកសារស្តីពីគំនិតឯកភាពរួមក្នុងការកសាង«ខ្សែក្រវាត់និងផ្លូវ»ជាមួយប្រទេសចិន ព្រមទាំងបានអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមនេះ ដែលញ៉ាំងឱ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ានទទួលបានសមិទ្ធផលថ្មីៗគួរឱ្យកត់សម្គាល់ ។
លើកយកកម្ពុជាដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលគាំទ្រនិងចូលរួមគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ដំបូងគេជាឧទាហរណ៍ ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនឡើងៗ ក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ( RCEP ) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជាបានដើរតួនាទីដ៏សំខាន់ដែលមិនអាចខ្វះបាន ។ តាមការព្យាករណ៍របស់ធនាគារពិភពលោកនៅខែមេសាឆ្នាំនេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ ២០២៤ នឹងឡើងដល់ ៥.៨% ហើយនៅឆ្នាំ ២០២៥ នឹងកើនឡើងដល់ចន្លោះ ៦.១% ។ ការអភិវឌ្ឍរបស់កម្ពុជាបានឈានចូល«យុគសម័យមាស»ក្រោមកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតជាមួយប្រទេសចិន ដែលបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាស៊ាន ។
ក្រៅពីនេះ ចិននិងអាស៊ានទទួលបានលទ្ធផលជាផ្លែផ្កាពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ។ ក្នុងពិព័រណ៍ចិន-អាស៊ានលើទី ២១ ដែលបាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុងណាននីងប្រទេសចិន សហគ្រាសចិននិងអាស៊ានបានសម្រេចការចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការចំនួន ១០៩ គម្រោងដែលពាក់ព័ន្ធនឹងវិស័យជាច្រើន ប្រការនេះនឹងជំរុញឱ្យភាគីទាំងពីរទទួលបានផ្លែផ្កាកាន់តែច្រើននាពេលអនាគត ។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់ថ្លែងថា «មិនថាពីអតីតកាល បច្ចុប្បន្នកាល ឬអនាគតកាលនោះទេ ប្រទេសចិនគឺជាអ្នកជិតខាងល្អ មិត្តល្អ និងដៃគូល្អរបស់អាស៊ានជាដរាប ។» ជាការពិតណាស់ ផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងអាស៊ានគឺធំធេងជាងការខ្វែងគំនិតគ្នាយ៉ាងលើសលប់ ឯការប្រកៀកស្មាគ្នាឆ្ពោះទៅរកការអភិវឌ្ឍនិងវិបុលភាពរួម និងការកសាងសហគមន៍ជោគវាសនារួមដែលកាន់តែស្អិតល្មួតជាបំណងប្រាថ្នារួមរបស់ប្រជាជននៃភាគីទាំងពីរ ហើយមុខជានឹងសម្រេចបានជាមិនខាន ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន