លោកប្រធានរដ្ឋចិន Xi Jinping ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាហ្រ្វិកខាងត្បូង
Cambodia News/
នារសៀលថ្ងៃទី ២ ខែកញ្ញា នៅវិមានសភាប្រជាជនទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Ramaphosa ប្រធានាធិបតីនៃអាហ្វ្រិកខាងត្បូងដែលបានអញ្ជើញដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលឆ្នាំ២០២៤នៃនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក ព្រមនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។
ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសលើកកម្ពស់ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកខាងត្បូងឱ្យទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីទាំងពីរគួរតែក្តាប់ជាប់នូវ “ទិសដៅចំនួន ៣ ” ដើម្បីអភិវឌ្ឍទំនាក់ទំនងបែបថ្មីរវាងប្រទេសទាំងពីរ ពោលគឺ ទីមួយគឺទិសដៅនយោបាយរួម ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈការកសាងទំនុកចិត្តជាយុទ្ធសាស្ត្រកម្រិតខ្ពស់ ។
ទីពីរគឺទិសដៅនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ រួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត និងថាមពលថ្មីជាដើម។
ទី៣ គឺទិសដៅនៃឆន្ទៈប្រជាជនដែលមានមេត្រីភាពពីជំនាន់មួយទៅជំនាន់មួយ ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាផ្តល់អាហារូបករណ៍និងឱកាសទទួលការបណ្តុះបណ្តាលបន្ថែមទៀតជូនចំពោះយុវជនអាហ្វ្រិកខាងត្បូង។
ជាការឆ្លើយតប លោក Ramaphosa បានថ្លែងថា លោកប្រធានរដ្ឋចិន Xi Jinping បានបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទីបួននៅប្រទេសអាហ្វ្រិកខាងត្បូងដោយជោគជ័យកាលពីឆ្នាំ២០២៣ ភាគីទាំងពីរនឹងខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យការអភិវឌ្ឍទំនាក់ទំនងអាហ្វ្រិកខាងត្បូង និងប្រទេសចិនឈានចូលក្នុង “យុគសម័យមាស” ៕