បទវិភាគ ៖ ភ្នំបៃតងទឹកស្អាតបានក្លាយជាទីបង្អែកនៃសុខសុភមង្គលរបស់ប្រជាជន
Cambodia News/
ចិន ៖ នៅខែសីហា ដីស្រែតាមជម្រាលភ្នំ Longji នៅភូមិភាគស្វយ័តក្វាងស៊ី នៃប្រទេសចិនមានទេសភាពពណ៌បៃតងស្រស់ស្អាត និងមានអ្នកទេសចរយ៉ាងច្រើនសន្ធឹក ។
តំបន់រមណីយដ្ឋាននេះដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតផង និងទំនៀមទម្លាប់ប្រពៃណីពិសេសរបស់ជនជាតិភាគតិចផង បានក្លាយជាតំបន់មានប្រជាប្រិយភាពដែលបានទាក់ទាញអ្នកទេសចរតំបន់នានានៅទូទាំងពិភពលោកទៅដើរលេងកម្សាន្ត ព្រមទាំងទទួលបានងារជា “សម្បតិ្តបេតិកភណ្ឌវប្បធម៌ផ្នែកកសិកម្មដ៏សំខាន់នៅទូទាំងពិភពលោក” ពីអង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិទៀតផង ។
បរិស្ថានអេកូឡូស៊ីដ៏ល្អប្រសើរបានបង្កប់តម្លៃសេដ្ឋកិច្ចដ៏ច្រើនលើសលប់ ដូច្នេះ រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយមួយចំនួន ដើម្បីបង្កើនការងារអភិរក្សអេកូឡូស៊ី ខិតខំប្រឹងប្រែងសម្រេចបាននូវ “ភាពឈ្នះ-ឈ្នះ”នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិរក្សអេកូឡូស៊ី ធ្វើឱ្យភ្នំបៃតងទឹកស្អាតក្លាយជាទីបង្អែកនៃសុខសុភមង្គលរបស់ប្រជាជន ។
កិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើនៅខែកក្កដា ឆ្នាំនេះបានធ្វើការរៀបចំចាត់ចែងជាពិសេសចំពោះការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ខាងប្រព័ន្ធរបបអរិយធម៌អេកូឡូស៊ី ព្រមទាំងបានលើកឡើងថា ត្រូវពន្លឿនការធ្វើឱ្យមានសុក្រឹតភាពនិងអនុវត្តប្រព័ន្ធនិងយន្តការនៃទស្សនៈស្តីពីភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់ ធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចបរិស្ថានអេកូឡូស៊ីមានភាពល្អពេញលេញ និងជំរុញការរួមរស់នៅដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ ។
ក្នុងនាមជាប្រទេសធំដែលមានប្រជាជនចំនួន១៤០០លាននាក់ ប្រទេសចិនបានផ្តោតការយកចិត្តទុកដាក់និងបណ្តាក់ទុនយ៉ាងច្រើនដែលមិនធ្លាប់មានកាលពីមុនក្នុងការអភិរក្សបរិស្ថានអេកូឡូស៊ី បានខិតខំប្រឹងប្រែងជំរុញវិធីបង្កើនផលនិងបែបផែនជីវភាពរស់នៅប្រកបដោយភាពបៃតង បន្តកែលម្អគុណភាពអេកូបរិស្ថាន និងជំរុញឱ្យការអភិវឌ្ឍសេដ្ឋកិច្ចនិងកំណើនប្រាក់ចំណូលរបស់ប្រជាជនត្រូវលើកកម្ពស់ជាមួយគ្នា។
លោក ខ្វៃ អាទិត្យាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៃប្រទេសកម្ពុជាបានថ្លែងថា ទស្សនៈរបស់ចិនស្តីពី “ភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់”និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»របស់រាជរដ្ឋាភិបាលកម្ពុជាមានអត្ថន័យប្រហាក់ប្រហែលគ្នា សុទ្ធតែមានគោលបំណងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ី គ្រប់គ្រងបរិស្ថាន និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន ។ ការអនុវត្តជាក់ស្តែងនិងបទពិសោធរបស់ចិនក្នុងការគ្រប់គ្រងបរិស្ថាននិងប្រភពធនធានធម្មជាតិ អាចចែករំលែកជាមួយពិភពលោក និងជួយប្រទេសដទៃទៀតកែលម្អបរិស្ថានក្នុងតំបន់ដែលរងការបំពុល និងធ្វើឱ្យបរិស្ថានមានភាពកាន់តែស្រស់ស្អាត ក៏ដូចជាកាន់តែសមស្របនឹងជីវភាពរស់នៅរបស់ប្រជាជន។
លោក Simon Stiell លេខាប្រតិបតិ្តនៃលេខាធិការដ្ឋាន «អនុសញ្ញាស្តីពីក្របខណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ»បានថ្លែងថា នៅតាមផ្លូវអភិវឌ្ឍបៃតង ប្រទេសចិនបានខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពផលិតកម្មគុណភាពថ្មី និងបង្កើនការផ្តល់ការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតតាមរយៈកិច្ចសហប្រតិបតិ្តការរវាងប្រទេសកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់។
នេះជាទស្សនៈស្នូលសម្រាប់ណែនាំឱ្យកិច្ចកសាងអរិយធម៌អេកូឡូស៊ីរបស់ចិនទទួលបានប្រសិទ្ធភាពដ៏ធំធេង ហើយក៏បានផ្តល់ផែនការចិននិងតម្រិះប្រាជ្ញាចិនដល់ទូទាំងពិភពលោកក្នុងការដោះស្រាយភាពជាប់គាំងលើវិស័យបរិស្ថានអេកូឡូស៊ី ។
នៅពេលអនាគត ប្រទេសចិននិងបណ្តាប្រទេសនានាលើពិភពលោកនឹងចាប់ដៃគ្នា រួមគ្នាទប់ទល់នឹងបញ្ហាប្រឈមជាសកល ដូចជាបម្រែបម្រួលអាកាសធាតុ និងការការពារជីវចម្រុះជាដើម ក្នុងន័យបង្កើតជាកម្លាំងរួមដ៏ខ្លាំងក្លាដើម្បីអភរិក្សភពផែនដី និងរួមគ្នាបង្កើតភពផែនដីដ៏ស្រស់ស្អាតដែលជាទីកំណើតរួមរបស់មនុស្សជាតិ ៕