ក្រសួងអភិវឌ្ឍន៍ជនបទមានគោលដៅសំខាន់ៗចំនួន៣ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទ
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាស្ថាប័នមួយត្រូវបានបង្កើតឡើង ធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល ដែលមានបេសកកម្ម និងការងារចំបងៗសំដៅលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរបស់ប្រជាពលរដ្ឋនៅជនបទ ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ពោលធ្វើយ៉ាងណាកាត់បន្ថយគម្លាតសង្គម គម្លាតរវាងអ្នកទីក្រុង និងជនបទ។
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ធមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ជាក់ឪ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទ មានគោលដៅសំខាន់ៗចំនួន៣គឺ៖ ទី១/ ធ្វើយ៉ាងណាឲ្យជនបទមានការរីកចម្រើនទាំងចំណូលប្រជាពលរដ្ធ និងចំណូលគ្រួសារឲ្យមានការកើនឡើង។ ទី២/ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ធរស់នៅដោយមានសុខភាពល្អ រស់នៅដោយបរិស្ថានល្អ មានសុខដុមរណីយកម្ម មិនឪ្យខុសឆ្ងាយពីការរស់នៅៗក្នុងទីក្រុងនិងទី៣/ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទាំងអស់នោះ(ទីក្រុង និងជនបទ) ផ្លាស់ប្តូរនៅឥរិយាបថល្អ ទទួលបាននូវការអប់រំ ការបណ្តុះបណ្តាលជំនាញ ពិសេសសីលធម៌សង្គម។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ដើម្បីអនុវត្តនូវចក្ខុវិស័យ និងគោលបំណងខាងលើនេះ ក្រសួងអភិវឌ្ឍន៍ជនបទមានការងារចំបងៗចំនួន ៤សំខាន់ដែលចាត់ទុកថា គឺជាយុត្តិសាស្ត្រអភិវឌ្ឍន៍ជនបទ នៃយុត្តិសាស្ត្រនេះ និងបានប្រែក្លាយទៅជាការងារអាទិភាពគឺ៖
– ត្រូវរៀបចំធ្វើយ៉ាងណឪ្យតំបន់ជនបទនេះ ក្លាយទៅជាតំបន់សមាហរណកម្ម មានន័យថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជនបទ ដើម្បីតភ្ជាប់តំបន់ជនបទ ទៅជាមួយតំបន់ទីក្រុង ទីប្រជុំជន ពិសេសការតភ្ជាប់ ឬការស្ថាបនាផ្លូវជនបទនេះបានផ្តល់ផលប្រយោជន៍ ឬក្នុងគោលដៅឪ្យប្រជាពលរដ្ឋមានកំណើនផ្នែកសេដ្ឋកិច្ច ពោលពេលមានការដាំដុះ ឬផលិតបានកសិផលល្អ អាចដឹកជញ្ជូនមកទីផ្សារនៅជីប្រជាជន និងទីក្រុងបាន។
– ផ្លូវជនបទនេះ ក៏បានផ្តល់ភាពងាយស្រួលទៅដល់ការងារសង្គមកិច្ចជាច្រើនដូចជា ការដឹកជញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យទាន់ពេលវេលាព្រោះថា បើផ្លូវមិនល្អទេអាចការដឹកជញ្ជូននេះយឺត ហើយអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺ និងអាចដល់ស្លាប់ទៀតផង ប៉ុន្តែបើផ្លូវជនបទមានសភាពល្អយើងអាចធ្វើការសង្គ្រោះជីវិតមនុស្សបាន ដូចជាស្ត្រីឆ្លងទន្លេរ ឬកុមារតូចៗដែលឈឺបញ្ហាសុខភាពយើងអាចដោះស្រាយបាន។
– ផ្លូវជនបទនេះអាចជួយទៅដល់ការផ្តល់ឪកាសការងារ មានន័យថា បងប្អូនប្រជាពលរដ្ឋធ្វើដំណើរចេញពីផ្ទះទៅកន្លែងរោងចក្រ ឬទៅប្រកបការងារផ្សេងៗបានលឿនទាប់ពេលវេលា និងងាយស្រួលផងដែរ។
– ផ្តល់ឱកាសទៅឱ្យកុមារទទួលបាននូវចំណេះដឹងតាមរយៈការធ្វើដំណើរទៅសាលារៀនមានភាពងាយស្រួល ហើយកាលណាមានផ្លូវខ្វាត់ខ្វែងឃើញថា តំបន់ជនបទជាទូទៅមានការរីចម្រើន ថែមទាំងទាក់ទាញដល់អ្នកវិនិយោគថែមទៀត ហើយផ្តល់ការងារដល់ប្រជាពលរដ្ឋនៅទីនោះផងដែរ។
ឯកឧត្តមបញ្ជាក់ដូច្នេះ ក្នុងឪកាសអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «អ្វីទៅជាកិច្ចការអាទិភាពជនបទនៅកម្ពុជា» នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា(ក អ.ក) និងមានអ្នកសារព័ត៌មានចូលរួមចំនួន ៥០អង្គភាព៕