គ.ជ.ប អំពាវនាវបក្សនយោបាយ និងអ្នកគាំទ្រ គោរពក្រមសីលធម៌ ពេលឃោសនាបោះឆ្នោត
ភ្នំពេញ៖
ដើម្បីឲ្យការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ត្រូវតែ គោរពតាមក្រមសីលធម៌ និងគោលការណ៍នានា។
ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១-២១ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ បានចូលរួមបោះឆ្នោត នាពេលខាងមុខ។
យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប បានឲ្យដឹងថា តាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ) ការឃោសនាបោះឆ្នោតមាន ទិសដៅឲ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយ របស់ខ្លួនជូនអ្នកបោះឆ្នោត។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោត ឲ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ៕