សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យយកសត្វក្ងោកដែលចាប់ជូនម្ចាស់វិញដល់ផ្ទះវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារជាសំឡេងជូន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្រ្តីស្តីទី ក៏ដូចជាមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលខុសត្រូវខាងសត្វ ដោយបញ្ជាឲ្យយកសត្វក្ងោកជូនប្រជាពលរដ្ឋដល់ផ្ទះនៅក្នុងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា សម្តេចមិនយល់ស្របជាមួយទង្វើបែបនេះទេ គួរតែលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងចាប់យកសត្វដែលប្រជាជនខំចិញ្ចឹមយកមកទុក ដែលមិនយូរប៉ុន្មានសត្វនេះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ និងការយកចិត្តទុកដាក់។
សម្តេចថ្លែងបន្តថា គ្មានហេតុផលណាមួយដែលត្រូវចាប់យកក្ងោកដែលប្រជាជនចិញ្ចឹម យកមកទុកកន្លែងចិញ្ចឹមសត្វហើយចាត់ទុកថា ជាអំពើខុសច្បាប់។ ក្នុងករណីដែលច្បាប់បានចែង ស្នើឲ្យធ្វើការជាបន្ទាន់ ដើម្បីធ្វើវិសោធនកម្មច្បាប់ លប់ចោលនូវកឋាខណ្ឌណាទាក់ទិនជាមួយនឹងការចាប់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ និងត្រូវតែគួរលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹម ជាការដែលធ្វើទៅដល់ចលនានៃការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។
បន្ទាប់ពីទទួលបាននូវបទបញ្ជាពី សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះដែរ មន្ត្រីរដ្ឋបាលព្រៃឈើ ក៏បានចាប់សត្វក្ងោកទាំង២០ក្បាលពីសួនសត្វភ្នំតាម៉ៅ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ទៅប្រគល់ជូនប្រជាពលរដ្ឋដែលជាម្ចាស់ដើមវិញនៅឯស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចាប់ឃាត់សត្វក្ងោកចំនួន៦ក្បាល ពីប្រជាពលរដ្ឋឈ្មោះ យឹម សំអឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងត្រូវបាន ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា ប្រធានរដ្ឋបាលព្រៃឈើ ចេញលិខិតឲ្យចូលខ្លួនដោះស្រាយបន្តនីតិវិធីបញ្ចប់សំណុំរឿង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង៕