ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហួសចិត្តរឿងអ្នកវិភាគក្រៅស្រុកថា ឯកឧត្តមចង់បានភរិយាអាមេរិក
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការហួសចិត្ត និងអស់សំណើចផងដែរចំពោះអ្នកវិភាគក្រៅស្រុក ដែលបានលើកឡើងថា ឯកឧត្តមចង់យកភរិយាជាជនជាតិអាមេរិកាំង តែត្រូវសម្តេចតេជោ ហ៊ុន សែន រារាំង។
បេក្ខជននាយករដ្ឋមន្ត្រីបន្តវេនមកពីគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា កាលរៀននៅអាមេរិកមាននារីអាមេរិកាំង បេតីខ្លះដែរ តែលោកជាមនុស្សអៀន ដូច្នេះក៏មិនមានទំនាក់ទំនងណាស៊ីជម្រៅនោះឡើយ។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់បែបនេះ «កាលពីប៉ុន្មានខែមុន មានអ្នកនយោបាយត្រាស់ដឹងរឿងទឹកជន់លិចផែនដី។ ប៉ុន្មានថ្ងៃមុននេះ ក៏លេចចេញអ្នកវិភាគម្នាក់នៅក្រៅប្រទេស ត្រាស់ដឹងពីរឿងនៃជីវិតស្នេហារបស់ខ្ញុំ… ដែលខ្ញុំចាត់ទុកថា ជាការត្រាស់ដឹងនោះ ក៏ព្រោះតែគាត់បានអួតថា គាត់ដឹងរឿងខ្ញុំច្បាស់ ដែលសូម្បីតែរូបខ្ញុំជាសាមីខ្លួន ក៏មិនដែលដឹងរឿងនោះផង សុំស្ងើចហើយ បច្ចុប្បន្ន សម្បូរអ្នកត្រាស់ដឹងគ្រប់រឿងណាស់»៕