សម្តេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ May 10, 2022/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងទឹកដីសហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីអបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ ៤៥ឆ្នាំមកហើយ។ កិច្ចប្រជុំកំពូលពិសេសនេះ គឺជាកិច្ចប្រជុំកំពូលពិសេស លើកទី២ គិតពីឆ្នាំ២០១៦មក។
ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតី ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើន រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ-១៩ សន្តិសុខ សុខភាពសកល ការផ្លាស់ប្តូរបញ្ហាអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាដើម៕