វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១០,៥៨៥ករណីទៀត និងស្លាប់២៥០នាក់
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ September 16, 2021
វៀតណាម ៖ តាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News កាលពីម្សិលមិញក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ខ្លួនបានបន្តរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១០,៥៨៥ករណីបន្ថែមទៀត ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ២ករណីប៉ុណ្ណោះ ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុង ហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះមានចំនួន៥,៣០១នាក់។ ក្នុងរបាយការណ៍ថ្ងៃដដែលក្រសួងសុខាភិបាល វៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន២៥០នាក់បន្ថែមទៀតផងដែរ។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៦៤៥,៦៤០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៤១២,៦៥០នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៦,១៨៦នាក់៕