វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១១,៥៧៥ករណី និងស្លាប់៣១៥នាក់ទៀត
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 27, 2021
វៀតណាម ៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១១,៥៧៥ករណីបន្ថែមទៀត ដែលជាតួលេខខ្ពស់មួយទៀត។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៦ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះមានរហូតដល់ ៣,៩៣៤នាក់។ នៅក្នុងថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣១៥នាក់ទៀតផងដែរ។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៣៩២,៩៣៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១៨៨,៤៨៨នាក់ ខណៈចំនួនអ្នកស្លាប់ ៩,៦៦៧នាក់៕