សេវាសុខាភិបាលឯកជន អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ មេសា ២០២១) ៖ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែមេសានេះក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យសេវាសុខា ភិបាលឯកជនស្របច្បាប់ទាំងអស់ អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩។
ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការប្រើប្រាស់ឧករណ៍តេស្តរហ័សសម្រាប់រកមេរោគកូវីដ១៩នេះ នៅសេវាសុខាភិបាលេកជនស្របច្បាប់នេះ ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារួចហើយ។
ក្រសួងបានបន្ថែមថា មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព នៅទូទាំងប្រទេស អាចប្រើប្រាស់ Rapid Antigen test_Covid-19 ក្នុងការរកមេរោគកូវីដ១៩ពីអ្នកជំងឺ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថា ឧបករណ៍តេស្ដរហ័សនេះ គឺជួយរករោគវិនិច្ឆ័យបានលឿន ព្យាបាលបានលឿន។ បើតាមលោកស្រីរដ្ឋលេខាធិការរូបនេះ បានអះអាងថា លទ្ធផលនៃការធ្វើតេស្តរបស់ឧបករណ៍នេះ មានភាពត្រឹមត្រូវ ដូចទៅនឹងម៉ាស៊ីនពិសោធន៍ផងដែរ៕