ក្រសួងសុខាភិបាល ព្រមានបិទ និងផាកពិន័យចំពោះសេវាសុខាភិបាលឯកជនណានៅតែបន្តចេញវេជ្ជបញ្ជាសរសេរដោយដៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ ធ្នូ ២០២០) ៖ ក្រសួងសុខាភិបាល បានធ្វើការព្រមាន បិទ និងផាកពិន័យ៥លានរៀន ចំពោះម្ចាស់សេវាសុខាភិបាលឯកជនណាមួយបន្ដចេញវេជ្ជបញ្ជាសរសេរដោយដៃព្រោះថា «អានមិនដាច់» ការព្រមាននេះធ្វើឡើងក្រោយពីមានម្ចាស់សេវាសុខាភិបាលឯកជនមួយចំនួននៅតែបន្ដថាសរសេរវេជ្ជបញ្ជាដោយដៃ។
យោងតាមសេចក្ដីជម្រាបជូនរបស់ក្រសួងសុខាភិបាលចេញផ្សាយនាពេលថ្មីៗនេះ មានកន្លែងព្យាបាល ជំងឺឯកជនមួយចំនួននៅតែមិនព្រមអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាដោយកុំព្យូទ័រ ដោយនៅតែបន្តការចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្រ្ត។
ក្រសួងសុខាភិបាល បញ្ជាក់ថា «អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូម លោក-លោកស្រី ដែលជាម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់អនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ ឲ្យបានទាំងអស់គ្នា»។
ក្រសួងបន្ដថា «ក្នុងករណីដែលនៅមានកន្លែងព្យាបាលជំងឺឯកជនណាមួយ មិនព្រមគោរពទៅតាម ការណែនាំខាងលើនេះទេ ក្រសួងសុខាភិបាល នឹងមានវិធានការយ៉ាងហ្នឹងម៉ាត់បំផុត និងធ្វើការជាកពិន័យជាប្រាក់ចំនួន ៥ ០០០ ០០០ រៀល (ប្រាំលានរៀល) ឬដកយកអាជ្ញាប័ណ្ណមកវិញ ព្រមទាំងបិទកន្លែងព្យាបា លមិនឲ្យព្យាបាល អ្នកជំងឺតទៅទៀតឡើយ»៕