ជន​សង្ស័យ​លួច​វះ​កា​បូប​លុយ​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ត្រូវ​ម្ចាស់​ចាប់​ក្របួច​បាន​ភ្លាមៗ​

ភ្នំពេញ ៖ កាលពី​វេលាម៉ោង២និង៣០ នាទីរំលង​អធ្រាត្រ​ឈានចូលថ្ងៃទី២៧ ធ្នូ ជន​សង្ស័យ​​ជំនាញ​ខាង​វះ​កាបូប​លុយម្នាក់​អស់​លក្ខណ៍ ខណៈ​ពេល​លួច​វះហោ​ប៉ៅ​ខោ​របស់​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ ដែល​កំពុង​តែ​ដេក​លង់​លក់ នៅ​លើ​រ៉ឺម៉ក ត្រូវ​បាន​អ្នក​ជិត​ខាង​ស្រែក​ផ្អើល​ឆោ​ឡោ រត់​ចាប់​ខ្លួន​បាន​ ស្ថិត​នៅមុខ សណ្ឋាគារហូលីដេ តាមផ្លូវលេខ៨៦ កែងមហាវិថី​ ព្រះមុនីវង្ស ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះ ជាអ្នករត់រ៉ឺម៉កម៉ូតូ​មាន​ឈ្មោះ អៀង សំរេច ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ បានឲ្យដឹងថា មុនពេល​កើត​ហេតុ​ គាត់រ៉ឺម៉កម៉ូតូនៅជិតចំណុចខាងលើ ពេលដែលអត់មានភ្ញៀវ បានដេកលង់លក់នៅលើរ៉ឺម៉កម៉ូតូនោះ ស្រាប់តែជនសង្ស័យម្នាក់ បានដើរមក​ធ្វើសកម្មភាព​វះហោប៉ៅខោ​របស់គាត់ លួចយកកាបូបលុយ ។

ពេល​កំពុងតែធ្វើសកម្មភាព ស្រាប់តែអ្នកលក់ទឹកក្រឡុក នៅជិតកន្លែងកើតហេតុ ឃើញទាន់បានស្រែកផ្អើលឆោឡោ ​ធ្វើឲ្យ​គាត់ភ្ញាក់ដឹង​ខ្លួន ជនសង្ស័យភ័យពេក បានបោះ​កាបូប​លុយនោះ ទៅក្នុងរ៉ឺម៉កម៉ូតូវិញ ហើយរត់គេចខ្លួន ត្រូវម្ចាស់កាបូបអ្នករត់ម៉ូតូឌុប និងសន្តិសុខនៅជិតកន្លែងកើតហេតុនោះ​ នាំគ្នារត់​ដេញ​តាមចាប់ ​ជនសង្ស័យបានភ្លាមៗតែម្តង៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close