មិនមានការប្រែប្រួលសិស្សបាក់ឌុប នឹងប្រឡងបញ្ចប់ទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូនេះ
សារព័ត៌មាន Cambodia News/
ដោយ ៖ ហេង នាង
ភ្នំពេញ (១៩ វិច្ឆិកា ២០២០) ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា ចុះថ្ងៃទី១៩ ខែវិច្ឆិកា បានឲ្យដឹងថា ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសបើកសាលារៀន ការហាត់ប្រាណ និងលេងកីឡា ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ឡើងវិញ បន្ទាប់ពីព្រឹត្តិការណ៍០៣វិច្ឆិកាត្រូវបាទត្រូវបិទបញ្ចប់ ។
ក្នុងសេចក្តីជូនដំណឹង ក្រសួងបានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីព្រឹត្តិការណ៍០៣វិច្ឆិកាត្រូវបាទត្រូវបិទបញ្ចប់។
ក្រសួងនៅរក្សាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ដដែល។ជុំវិញករណីនេះ លោក ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា ចំពោះគ្រឹះស្ថានសាធារណៈនិងឯកជនទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ និងរក្សាគំលាតសុវត្ថិភាពសង្គមនិងបុគ្គលហើយក្នុងករណីចាំបាច់ត្រូវពាក់ម៉ាសការពារក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា។
ជាមួយគ្នានេះ ក្រសួងអប់រំអនុញ្ញាតឱ្យមានការហាត់ប្រាណលេងកីឡានិងការចេញចូលបរិស្ថាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយបន្តអនុវត្តនូវវិធានការប្រធានសុវត្ថិភាពសុខភាពនិងអារក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល៕