សម្តេចតេជោ ហ៊ុន សែន បន្តផ្ញើសារឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៨ កក្កដា ២០២០) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានក្រើនរំលឹកជាថ្មីដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា៖ «សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពឱ្យបានល្អ ជាពិសេសកុំឱ្យឆ្លងជំងឺកូវីដ-១៩។ ត្រូវក្រើនរំលឹកដល់កូនចៅតូចៗនៅក្នុងបន្ទុកឱ្យចេះការពារខ្លួន ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារខ្លួន។ នៅផ្សាររដ្ឋ និងឯកជន តូបឬហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសគ្លីនិក និងមន្ទីរពេទ្យរដ្ឋ និងឯកជនត្រូវមានជែល ឬអាល់កុល និងម៉ាសសម្រាប់អតិថិជនប្រើប្រាស់ចៀសវាងការឆ្លងជំងឺកូវីដ-១៩ ពីម្នាក់ទៅម្នាក់»។

សម្តេចបានបញ្ជាក់បន្ថែមថា ៖ «ចំពោះបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរមកពីក្រៅប្រទេស ក្រោយពីបានពិនិត្យសុខភាពមានលទ្ធផលអវិជ្ជមានហើយបានអនុញ្ញាតឱ្យទៅរស់នៅដាច់ដោយឡែកនៅតាមផ្ទះ ចំនួន ១៤ថ្ងៃ សូមធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ហាមដើរចេញមានទំនាក់ទំនងក្រៅផ្ទះ ទោះបីគ្មានមន្រ្តីសុខាភិបាលនៅជាមួយជាប់ក៏ដោយ។ ជូនពរបងប្អូនជួបតែសំណាងល្អ នឹងបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ គ្រប់ៗគ្នា»។

សូមជម្រាបថា រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១៤១ករណី ក្នុងនោះមានអ្នកជំងឺ១៣១នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ខណៈដែលអ្នកជំងឺ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ករណីឆ្លងថ្មីចុងក្រោយទាំងអស់ គឺសុទ្ធសឹងជាករណីនាំចូល បន្ទាប់ពីមានការហោះហើរពីប្រទេសមួយចំនួនមកកាន់ប្រទេសកម្ពុជាឡើងវិញ៕

Related Articles

Back to top button
Close
Close