សូមប្រុងប្រយ័ត្ន ជំងឺគ្រុនឈាម ក្នុងអំឡុងរដូវវស្សានេះ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ជំងឺគ្រុនឈាមជាទូទៅ តែងតែកើតមាននៅលើកុមារ តែក៏មានករណីជំងឺនេះ កើតមាននៅលើមនុស្សពេញវ័យដូចគ្នា។ យើងសង្កេតឃើញថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថារដូវភ្លៀងជាអំណោយផល ដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ។

យោងតាមគេហទំព័រមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា រោគសញ្ញានៃជំងឺនេះមាន ៖ ក្តៅខ្លួនខ្លាំង, ឈឺក្បាល, ឈឺសន្លាក់ដៃជើង និងសាច់ដុំ, ស្នាមអុចក្រហមលើស្បែក និងអាចមានជាអាការៈចុកនៅក្នុងពោះ និងក្អួតចង្អោរ។

ជាទូទៅរយៈពេលពី៣ទៅ៤ថ្ងៃ បន្ទាប់ពីមានរោគសញ្ញាដំបូងអ្នកជំងឺអាចស្តែងចេញនៅរោគសញ្ញាផ្សេងៗ ដូចជា៖ ការហូរឈាមនៅក្នុងភ្នែក, ហូរឈាមតាមច្រមុះ, ស្នាមជាំនៅលើស្បែក ហើយជំងឺនេះ នឹងជាទៅវិញនៅចន្លោះ១០ ទៅ១៤ ថ្ងៃ ឬអាចយូរជាងនេះ។ ជំងឺគ្រុនឈាមមួយចំនួន អាចវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលបណ្តាលមកពី ការហូរឈាមតាមសរីរាង្គនានា ដូចជា ប្រព័ន្ធរំលាយអាហារ ស្បែក និងក្នុងខួរក្បាល ហើយដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។

មកទល់ពេលបច្ចុប្បន្ននេះ យើងនៅមិនទាន់មានការព្យាបាលចំពោះជំងឺគ្រុនឈាមនេះនៅឡើយទេ។ ការព្យាបាល គឺត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ជំងឺនេះ កុំឲ្យវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ ដល់អាយុជីវិតរបស់អ្នកជំងឺ។ ការប្រើប្រាស់ថ្នាំប្រភេទ Aspirine ដើម្បីបញ្ចុះកំដៅ ត្រូវបានហាមឃាត់ ព្រោះអាចបណ្តាលឲ្យមានការហូរឈាមខ្លាំង ក្នុងករណីអ្នកជំងឺមានផ្ទុកមេរោគគ្រុនឈាម។

យើងអាចការពារពីការឆ្លងជំងឺនេះដោយៈ លុបបំបាត់ជម្រកមូស និងការពារពីមូសខាំ។ ក្នុងករណីដែលអ្នកជំងឺ ដែលមានអាការៈ ដូចបានរៀបរាប់ខាងលើ (ហើយដែលជាពិសេសអាការៈនោះ កើតមានឡើងក្នុងរដូវភ្លៀង) គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយ គ្រូពេទ្យជំនាញ ដើម្បីអាចធ្វើរោគវិនិច្ឆ័យពិតប្រាកដនៃជំងឺនេះឲ្យបានឆាប់រហ័ស ដើម្បីទទួលបាននូវការព្យាបាល ដែលសមស្របមួយ៕

Related Articles

Back to top button
Close
Close