សម្តេចតេជោ បញ្ជាក់បន្ថែម $1, $2 និង $5 នៅតែចាយបានធម្មតា គ្មានការកាត់ទឹកទេ
ភ្នំពេញ (២៩ ឧសភា ២០២០) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបានជ្រាបបន្ថែម លើការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតា នៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាម មិនអោយចាយដូចពាក្យចចាមអារាមនោះទេ ។
ក្នុងករណី ប្រសិនបើមានការបញ្ឈប់អោយចរាចរណ៍ចាយលុយក្រដាស់ប្រាក់អាមេរិក ប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិ នៃកម្ពុជា មិនខាន ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងចៀសផុតពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា ។
សូមជម្រាបថា ប្រជាពលរដ្ឋជាច្រើនលើកឡើងតាមបណ្ដាញសង្គម ថាមានអាជីវករតាមផ្សារមួយចំនួន ចាប់ផ្ដើមមិនទទួលយកក្រដាសប្រាក់ទាំងនេះ សម្រាប់ការទូទាត់ទំនិញឡើយ ខណៈធនាគារជាតិបានចេញសេចក្តីប្រកាសថ្មីមួយទៀតនៅល្ងាចថ្ងៃទី២៨ ឧសភា ២០២០ ដោយបញ្ជាក់ថា ក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារនៅតែអាចទូទាត់និងចាយវាយបានដដែលនៅលើទីផ្សារ ។ យ៉ាងណាក៏ដោយ មានអាជីវករតាមផ្សារ និងកន្លែងលក់ទំនិញដទៃទៀត ហាក់មានការរើសអើសទៅលើក្រដាសប្រាក់ដុល្លារទាំងបីប្រភេទ ដោយដូរកាត់ទឹក គឺ១ដុល្លារ បានក្រោម៤,០០០រៀល ។
សូមរម្លឹកថា បញ្ជាក់ម្ដងទៀត ! ក្រដាស់ប្រាក់ដុល្លារអាមេរិក ១$ ២$ និង៥$ នៅចាយបានធម្មតា មិនមានការហាមឃាត់ទេ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្តីពី បញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ ៕