សេចក្តីអំពាវនាវ របស់ក្លិបអ្នកកាសែតកម្ពុជាជូនចំពោះអ្នកសារព័ត៌មាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ មីនា ២០២០) ៖ ដោយយល់ឃើញថា សារព័ត៌មានបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ និងដោយយល់ឃើញថា បញ្ហា Covid-19 ជារឿងសំខាន់មួយដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធក៏ដូចជាប្រជាពលរដ្ឋម្នាក់ៗចូលរួមក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងកុំឲ្យមានការរីករាលដាលទៅក្នុងសហគមន៍ ក៏ដូចជាដើម្បីបញ្ចៀសការរើសអើង ក្លិបអ្នកកាសែតកម្ពុជា សូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុង ប្រកបអាជីពវិជ្ជាជីវៈក្នុងប្រទេសកម្ពុជាសូមមេត្តាយកចិត្តទុកដាក់ចំពោះចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
ទី១៖ សូមធ្វើសេចក្តីរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងបញ្ហា Covid-19 ប្រកបដោយភាពច្បាស់លាស់ស្របតាមបច្ចេកទេសផ្នែកវេជ្ជសាស្ត្រដោយសំអាងទៅលើការពន្យល់របស់អ្នកជំនាញ ឬលើការស្រាវជ្រាវឯកសារតាមលក្ខណៈវិទ្យាសាស្ត្រឲ្យបានត្រឹមត្រូវដើម្បីចៀសវាងការផ្តល់ព័ត៌មានមិនច្បាស់លាស់ធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំអំពី Covid-19 ។
ទី២៖ សូមប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ពស់បំផុតក្នុងការគោរពសិទ្ធិឯកជនរបស់អ្នកដែលឆ្លងវីរុស Covid-19 ដោយមិនត្រូវបញ្ចេញអត្តសញ្ញាណរបស់ពួកគេជាដាច់ខាតមិនថា អ្នកនោះជាជនបរទេសឬខ្មែរនោះឡើយលើកលែងតែអ្នកនោះជាបុគ្គលសាធារណៈសំខាន់ៗដែលក្រសួងសុខាភិបាលប្រកាសជាផ្លូវការ ឬសាម៉ីខ្លួនផ្ទាល់ជាអ្នកប្រកាសជាសាធារណៈ។
ទី៣៖ សូមធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងករណីអ្នកឆ្លងវីរុស Covid-19 ដោយចៀសវាងការប្រើពាក្យពេចន៍ ឬសំនួនវោហារណាដែលនាំឲ្យមានការបែងចែកឬការរើសអើងចំពោះបុគ្គល ឬសហគមន៍ណាមួយ។
ទី៤៖ សូមអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវវិធីសាស្ត្រនិងក្បួនអនាម័យការពារខ្លួនកុំឲ្យឆ្លងវីរុស Covid-19 តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទាំងក្នុងពេលចុះយកព័ត៌មាន ទាំងនៅកន្លែងធ្វើការ និងទាំងក្នុងការប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកដទៃ ជាពិសេសក្នុងពេលចុះទៅកាន់កន្លែងដែលមានហានីភ័យខ្ពស់។
ក្លិបអ្នកកាសែតកម្ពុជា សង្ឃឹមថា អ្នកសារព័ត៌មានទាំងអស់នឹងប្រើប្រាស់តួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវទាំងចំពោះមុខក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានផង និងចំពោះបទដ្ឋានបច្ចេកទេសផ្នែកវេជ្ជសាស្ត្រ ផងដើម្បីធានាថា សារព័ត៌មានបានបំពេញតួនាទីយ៉ាងល្អក្នុងការផ្តល់ព័ត៌មានពិត ឥតក្លែងបន្លំ និងគ្មានការរើសអើង ដើម្បីជាប្រយោជន៍ដល់សាធារណជនទូទៅ ក៏ដូចជាប្រយោជន៍សម្រាប់សង្គមទាំងមូល។
ក្លិបអ្នកកាសែតកម្ពុជា យល់ឃើញថាដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយនឹងCovid-19 ប្រកបដោយប្រសិទ្ធភាព ទាល់តែប្រជាពលរដ្ឋម្នាក់ៗទទួលបានព័ត៌មានច្បាស់លាស់អំពី Covid-19 យល់ច្បាស់អំពីវិធីការពារខ្លួនហើយនាំគ្នាចូលរួមក្នុងការប្រយុទ្ធប្រឆាំងជាមួយវីរុសនេះប្រកបដោយការទទួលខុសត្រូវ ដោយប្រើភាពឈ្លាសវៃ គឺមិនមែនជាការភ័យស្លន់ស្លោ ឬការរើសអើងគ្នានោះឡើយ។ ក្នុង បរិបទបែបនេះ សារព័ត៌មានពិតជាមានតួនាទីសំខាន់ណាស់ក្នុងការួមចំណែកប្រយុទ្ធប្រឆាំងជាមួយ Covid-19 ដែលជាបញ្ហាប្រឈមដ៏ធំរបស់ពិភពលោកទាំងមូលនិយាយជារួម និងរបស់ប្រទេសនីមួយៗនិយាយដោយឡែកក្នុងនោះក៏មានប្រទេសកម្ពុជាយើងផង។
ក្លិបអ្នកកាសែតកម្ពុជា សូមជូនពរដល់អ្នកសារព័ត៌មានទាំងអស់សូមទទួលបានជោគជ័យក្នុងបេសកកម្មនាំសារពិតដល់ប្រជាពលរដ្ឋ និងដល់សង្គមទាំងមូលនិងសូមចៀសផុតពីការឆ្លងវីរុស Covid-19 ៕