ក្រសួងសុខាភិបាល ហាមលក់ និង ប្រើប្រាស់ឱសថ Medical Care ដែលផ្សព្វផ្សាយលក់លើហ្វេសប៊ុក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ តុលា ២០១៩) ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ជ្រាបថា មានហ្វេសប៊ុកឈ្មោះ Medical Care កំពុងផ្សព្វផ្សាយលក់ឱសថ EYE BEAUTY និង ឱសថជាច្រើនមុខផ្សេងទៀត គ្មានបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ និង គ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ។
សេចក្តីប្រកាសបន្ថែមថា ដើម្បីចៀសវាងខាតបង់ប្រាក់កាស់ និង ប៉ះពាល់ដល់សុខភាព ឬ អាចឈានដល់ការបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ ឈប់ប្រើប្រាស់ ឱសថទាំងនេះបន្តទៀត ។
ក្រសួងសុខាភិបាល តម្រូវឱ្យម្ចាស់គណនីហ្វេសប៊ុកខាងលើ នេះ បញ្ឈប់ការនាំចូល លក់ ចែកចាយ និង ផ្សព្វផ្សាយផលិតផលឱសថទាំងនេះ ជាបន្តទៀត ព្រមទាំងប្រមូលផលិតផលទាំងនោះ មកវិញ ដើម្បី កម្ទេចចោល។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹង ចំពោះម្ចាស់គណនីហ្វេសប៊ុក ហ្វេសប៊ុកឈ្មោះ Medical Care ដែលបាននាំចូល លក់ ចែកចាយ និង ផ្សព្វផ្សាផលិតផលឱសថខាងលើនេះ ទៅតាមផ្លូវច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន ។
សេចក្តីប្រកាសដដែលសង្កត់ធ្ងន់ថា ករណីបានជួប ឬ ប្រទះឃើញជនណាកំពុង លក់ ចែកចាយ ឬ ផ្សព្វផ្សាយ ផលិតផលឱសថខាងលើនេះ សូមប្រញាប់ផ្តល់ព័ត៌មាន ឬ ត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និង គ្រឿងសម្អាង សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤៕