ច្បាប់ថ្មីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់សិង្ហបុរីចូលជាធរមាន
សារព័ត៌មាន Cambodia News /
សិង្ហបុរី (៣ តុលា ២០១៩) ៖ ច្បាប់ថ្មីរបស់ប្រទេសសិង្ហបុរីក្នុងការប្រយុទ្ធប្រឆាំងនឹង “ព័ត៌មានក្លែងក្លាយ” បានចូលជាធរមានកាលពីថ្ងៃពុធ បើទោះបីជាមានការរិះគន់ពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងសកម្មជនដែលបានចាត់ទុកច្បាប់ដ៏តឹងរ៉ឹងនេះថាជាការប៉ុនប៉ងដ៏ឃោរឃៅដើម្បីរារាំងការប្រឆាំងក៏ដោយ។
ច្បាប់នេះបានផ្តល់អំណាចដល់រដ្ឋមន្ត្រីក្នុងការបញ្ជាឲ្យបណ្តាញសង្គមដាក់ការព្រមាននៅជាប់នឹងការបង្ហោះណាដែលអាជ្ញាធរចាត់ទុកថាមិនពិតហើយក្នុងករណីធ្ងន់ធ្ងរបំផុតពួកគេអាចត្រូវបានគេដកហូត។
Facebook, Twitter និង Google ដែលការិយាល័យកណ្តាលអាស៊ីរបស់ពួកគេស្ថិតនៅក្នុងប្រទេសសិង្ហបុរីគឺត្រូវបានគេផ្តល់ការលើកលែងជាបណ្តោះអាសន្នពីបទប្បញ្ញត្តិមួយចំនួនតូចនៅក្នុងច្បាប់នេះដើម្បីផ្តល់ពេលវេលាដល់ពួកគេក្នុងការសម្របខ្លួន។
ប្រសិនបើសកម្មភាពត្រូវបានគេចាត់ទុកថាព្យាបាទនិងបំផ្លាញផលប្រយោជន៍របស់សិង្ហបុរីនោះ ក្រុមហ៊ុនទាំងនេះអាចនឹងទទួលរងនូវការពិន័យជាទឹកប្រាក់រហូតដល់១លានដុល្លារសិង្ហបុរី (៧២ម៉ឺនដុល្លារអាមេរិក) ខណៈបុគ្គលម្នាក់ៗអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ៕