ចិនចាត់ទុកថា បាតុកម្មនៅហុងកុងគ្មានច្បាប់ទម្លាប់ក្រោយមនុស្ស៧២នាក់រងរបួស
សារព័ត៌មាន Cambodia News/
ហុងកុង (១៤ មិថុនា ២០១៩) ៖ សារព័ត៌មានរដ្ឋចិនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា បាតុកម្មនៅក្នុងទីក្រុងហុងកុងតវ៉ាប្រឆាំង នឹងច្បាប់ធ្វើបត្យាប័នថ្មីតាមគ្រោងទុកជាមួយចិនដីគោក កំពុងតែជាន់ឈ្លីកេរ្តិ៍ទីក្រុងមួយនេះ ហើយទង្វើគ្មានច្បាប់ទម្លាប់ទាំងនេះ កំពុងតែធ្វើឲ្យអន្តរាយដល់ការគ្រប់គ្រងច្បាប់។
ក្រុមអាជ្ញាធរបានបិទការិយាល័យរដ្ឋាភិបាល នៅក្នុងស្រុកហិរញ្ញវត្ថុរបស់ទីក្រុងហុងកុង ក្រោយអំពើហិង្សាដ៏អាក្រក់បំផុតមិនធ្លាប់ដែលកើតមាន នៅក្នុងទីក្រុងមួយនេះនារយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ បានធ្វើឲ្យមនុស្សយ៉ាងហោច ៧២នាក់រងរបួស។
ក្រុមបាតុករមានការខឹងសម្បារខ្លាំងណាស់ ចំពោះផែនការអនុញ្ញាតឲ្យមានការធ្វើបត្យាប័នដល់ចិនដីគោក សម្រាប់ឧក្រិដ្ឋករដែលរត់គេចខ្លួនមករស់នៅហុងកុង ប៉ុន្តែក្រុមអ្នករិះគន់មួយចំនួនបានលើកឡើងពីការក្តីកង្វល់ ចំពោះប្រព័ន្ធតុលាការដ៏តឹងរឹងរបស់ចិន ដែលអាចនាំឲ្យមានការធ្វើទារុណកម្មនៅពេលសួរចម្លើយ ក៏ដូចជាបង្ខំឲ្យឆ្លើយសារភាពទោសកំហុសជាដើម៕