ក្រសួងអប់រំ ប្រាប់ឲ្យគ្រឹះស្ថានសិក្សាអនុវត្តម៉ោងពេលបង្រៀនតាមធម្មតាវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៧ មិថុនា ២០១៩) ៖ តាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ដែលទទួលបាននៅថ្ងៃទី០៧ ខែមិថុនានេះ រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ក្នុងលិខិតថា រដូវប្រាំងអាកាសធាតុក្តៅហួតហែង បានកន្លងផុតទៅ រដូវវស្សាបានចូលមកដល់ ធ្វើឲ្យអាកាសធាតុផ្លាស់ប្តូរជាប្រក្រតីឡើងវិញ។ ដើម្បីឈានទីអនុវត្តម៉ោងបង្រៀន និងរៀនជាប្រក្រតីឡើងវិញ ក្រសួងសូមធ្វើការណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវអនុវត្តម៉ោងពេលចូល និងចេញជាធម្មតាវិញដូចខាងក្រោម៖
* ពេលព្រឹក ចូលរៀនម៉ោង៧៖០០នាទី ចេញម៉ោង១១៖០០នាទី
* ពេលរសៀល ចូលនៅម៉ោង១៣៖០០នាទី ចេញម៉ោង១៧៖០០នាទី។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩កន្លងទៅដោយសារអាកាសធាតុក្តៅខ្លាំង ទើបក្រសួងអប់រំសម្រេចកែប្រែម៉ោងចូល និងចេញពីរៀនរបស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានអប់រំ ប៉ុន្តែពេលនេះតម្រូវឲ្យមកអនុវត្តន៍ដូចធម្មតាវិញ៕