ដំណក់ទឹកដោះគោស្រស់លើកដំបូងនឹងផលិតក្នុងឧទ្យានជាតិ តេជោ សែន

ដោយ ឆាយ សុផល
ព្រះវិហារ (១២ ឧសភា ២០១៩)​៖ ទឹកដោះគោស្រស់នឹង​ត្រូវ​បាន​ផលិត​ឡើង​ជាលើក​ដំបូង​ក្នុង​ឧទ្យាន តេជោ សែន នៅ​ខេត្ត​ព្រះ​វិហារ ដើម្បីផ្គត់ផ្គង់ឲ្យអ្នក​ប្រើ​ប្រាស់ជាតិ​និង​បរទេស​ចាប់ពីខែ​កក្កដា​ខាង​មុខ​នេះទៅ។
មេគោផើមពូជហូឡង់ចំនួន១០០ក្បាលក្នុងចំណោម៥០០ក្បាល នឹង​នាំចូល​ពី​ប្រទេស​ថៃ តាមច្រកប៉ោយ​​ប៉ែត​នៅថ្ងៃទី២៥ ឧសភា នេះ មកកាកន់ “ឧទ្យាន​រាជ​បណ្ឌិត្យ​សភាកម្ពុជា តេជោ សែន ឬស្សីត្រឹប” ហើយ​ពីរ​ខែ​ក្រោយ​មក មេគោ​ទាំង​នោះនឹង​កើតកូនដោយអាចផលិតទឹកដោះបាន។
នៅក្នុងផ្នែកមួយនៃឧទ្យាននេះ រោងនិងវាលចិញ្ចឹមគោ ព្រមទាំងវាលដាំស្មៅ ត្រូវបាន​រៀបចំ​ឡើង​តាម​លក្ខណៈ​បច្ចេកទេស ដោយមាន​ក្រុម​ជំនាញ​មក​ពី​ប្រទេស​ថៃមកជួយសម្រួល ខណៈអ្នកជំនាញជាយុវជន​កម្ពុជា​​ចំនួន១០រូប ដែល​បានសិក្សា​នៅ​ប្រទេសប្រទេសថៃក៏បានបំពេញការងារនេះដែរ។
ម៉ាស៊ីនគាបយកទឹកដោះគោ ម៉ាស៊ីនច្រកនិងរក្សាទុកត្រូវបាននាំ​មកពី​ប្រទេស​ជប៉ុន ដើម្បី​ផលិត​​ទឹក​ដោះគោស្រស់ឲ្យមាន​អនា​ម័យ និងមាន​គុណភាព​ស្រម​តាម​លក្ខណៈបច្ចេកទេសចំណីអាហារ។
លោក​បណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា ក្រុមការងារឧទ្យាន​​រាជ​បណ្ឌិត្យ​សភាកម្ពុជា តេជោ សែន ឬស្សីត្រឹប កំពុងធ្វើកិច្ចការនេះយ៉ាងសកម្ម ដោយលោកអះ​អាង​​ថា គោមួយ​ក្បាល​មានតម្លៃជាង២.០០០ដុល្លារអាម៉េរិក។
លោកបណ្ឌិតបញ្ជាក់ថា នៅឆ្នាំ២០២០ គោសរុបចំនួន៥០០ក្បាលនឹងមាននៅក្នុងឧទ្យាននេះ ហើយ​ទឹក​ដោះ​គោ​នឹងត្រូវបានផលិតរហូតដល់មួយម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីយកទៅផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់ ពិសេស​ទេស​ចរណ៍នៅក្រុងសៀមរាប។
លោកបន្តថា នៅពេលទឹកដោះគោផលិតចេញពីឧទ្យាននេះហើយ នោះនឹងកាត់​បន្ថយ​ការ​នាំ​ចូល​ទឹក​ដោះ​គោ​ស្រស់ពីបរទេស ហើយក្រោយមកឧទ្យាននេះក៏នឹងបង្កើតធនាគារគោសម្រាប់កសិករ ពិសេស​អ្នក​រស់​នៅ​ជុំវិញ​តំប់នោះ។
សូមបញ្ជាក់ថា នៅក្នុងឧទ្យានរាជ​បណ្ឌិត្យសភាកម្ពុជា តេជោ សែន ឬស្សីត្រឹប ដែលមាន​ទំហំ​១៤.៣៣៤​ហិចតា ហើយដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យនៅឆ្នាំ២០១៤ មានមជ្ឈមណ្ឌលស្រាវ​ជ្រាវ តាមដាន​ អភិ​រក្សនិងអភិវឌ្ឍកសិកម្ម ព្រៃឈើនិងសត្វព្រៃ និងសត្វកម្រ ជីក​ស្រះស្តុកទឹកទុកឲ្យសត្វព្រៃផឹកផឹក ដាំដើមឈើ បង្កាត់ផ្កា រួមនិងការងារកសិកម្មមួយចំនួន បណ្តុះបណ្តាលរបៀបចិញ្ចឹមគោ ការគាប​យកនិងរក្សា​ទុក​ទឹកដោះ។

ឧទ្យាន ដែលស្ថិតនៅឃុំឆែប១ និងឃុំឆែប២ ក្នុងស្រុកឆែប ខេត្ព្រះវិហារ នេះក៏មាន​អភិរក្ស​ឡស្ល​ដែក​បែប​បុរាណ​ផងដែរ ព្រោះថា តំបន់នោះជាអតីតកន្លែងផលិត ដែកនាសម័យអង្គរ ចាប់ពីសតវត្សទី១១ ដល់សតវត្សទី១៣
សូម​រម្លឹកថា រាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុនមួយរបស់ជប៉ុន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ បានចុះ​អនុ​ស្សរណៈយោគយល់គ្នា ដើម្បីនាំយកសត្វកម្រ​នានា ដូចជាត្រីដូហ្វីន ឬត្រី​ផ្សោត​ទឹក​សាប​ដែលជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក ទៅចិញ្ចឹមនៅក្នុងឧទ្យាននេះ ព្រោះនៅទីនោះមានអូរ ដាលាស់ ​ដែលជាអូរពីបុរាណកាល។
រាជបណ្ឌិត្យសភាកម្ពុជាកំពុងស្វះស្វែងរកជំនួយប្រមាណ១០លានដុល្លារពីប្រទេសកូរ៉េខាងត្បូង ដើម្បី​ស្តារ​អូរ​បុរាណ​នេះឡើងវិញ សម្រាប់អភិរក្សសត្វព្រៃនិងសត្វកម្រ ព្រមទាំងសម្រាប់កសិកម្ម​របស់​កសិករ​នៅតំបន់​ក្បែរ​ឧទ្យាននោះ។
នៅក្នុងអនុស្សរណៈយោគយល់គ្នាមួយផ្សេងទៀតរវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុម​ហ៊ុន​មួយ​របស់​ជប៉ុន​​កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ គឺរាជបណ្ឌិត្យសភាកម្ពុជានឹងនាំយកសត្វកម្រ​នានា ដូចជា​ត្រីដូហ្វីន ឬ​ត្រី​​ផ្សោតទឹកសាបដែលជិតផុតពូជនៅលើពិភពលោក ទៅចិញ្ចឹមនៅក្នុងឧទ្យាននេះ ព្រោះនៅទីនោះមានអូរ​មួយ​ហៅថា អូដាលាស់ ដែលរាជបណ្ឌិត្យសភាកម្ពុជា​ចង់រៀបចំនៅទីនោះឱ្យ​ទៅជា ដូហ្វីន។
ទន្ទឹមនឹងនោះ រាជបណ្ឌិត្យសភាកម្ពុជានឹងរកសត្វខ្លាដែលជិតផុតពូជ និង​ដំរីយក​ទៅ​អភិរក្ស​នៅក្នុង​ឧទ្យាន​នេះ​ ដើម្បីគ្រប់ជាតិសាសន៍បានមកទស្សនាសត្វកម្រស្ទើរតែផុតពូជ៕

 

Related Articles

Back to top button
Close
Close