សមត្ថកិច្ច សម្រេចបញ្ជូនយុវតីបើកឡានបុកនិស្សិតស្រីស្លាប់ទៅតុលាការ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មីនា ២០១៩) ៖ នៅព្រឹកថ្ងៃទី ២៩ ខែមីនានេះ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ លោក សែម គន្ធា បានប្រាប់ដល់អ្នកសារព័ត៌មានថា យុវតី យិន ម៉ាណា ដែលបានបើកឡាន រ៉ែង រ៉ូវ័រ បុកនិស្សិតស្រីស្លាប់ ត្រូវបានឪពុកនាំចូលមកការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីទទួលកំហុសហើយ។
ក្រោយការបញ្ចប់ការសាកសួរ នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ សម្រេច បញ្ជូន យុវតី យិន ម៉ាណា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បី ចាត់ការតាមច្បាប់ ករណីបើករថយន្តទំនើបរ៉ែង រ៉ូវ័រ (RANGE ROVER ) ស្លាក លេខ 2AF-7777 បុក និស្សិតស្រី ឌុំ រីដា បណ្តាលឲ្យស្លាប់។
ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ បញ្ជាក់ថា នារីយិន ម៉ាណា អាចជាប់ ចោទបទល្មើសបើកបរធ្វេសប្រហែស បណ្ដាលឱ្យស្លាប់អ្នកដទៃ តាមមាត្រា ៨៥ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។
ប្រភពដដែលបានបញ្ជាក់ថា “យុវតី យិន ម៉ាណា បាននិយាយថា គាត់ (យិន ម៉ាណា) បានចេញពីហាងបុកល្ហុង បើកឡានដោយខ្លួនឯង ហើយបាំងឡានមួយនៅខាងឆ្វេង ដៃ ហើយក៏បានបើកប៉ះជាមួយម៉ូតូនៅខាងឆ្វេងដៃតែម្តង។ នាងភ័យ ក៏បានបើក រត់ទៅ ហើយក៏ឡានហ្នឹងខូចគាំង ហើយទុកឡានចោល ក៏ជិះម៉ូតូកង់បី”៕ ដោយ ៖ ហេង នាង