ព្រឹកមិញ មាន​ការ​រញ្ជួយដី ប៉ុន្តែ​ឥត​បណ្តាល​ឲ្យ​មាន​ការ​ខូច​ខាត​ទេ

ការរញ្ជួយនេះត្រូវបានកត់ត្រាឃើញ ដោយស្ថាប័នភូគព្ភសាស្ត្រ ទាំងរុស្ស៊ី ទាំងអាមេរិកាំង ថាមានប្រភពវានៅក្នុងសមុទ្រ Okhotsk ចុងបូព៌ាប្រទេសរុស្ស៊ី ជិតកោះ Sakhaline។ វាថែមទាំងញ៉ាំងឲ្យគេប្រកាស អំពីគ្រោះថ្នាក់នៃរលកយក្ស ស៊ូណាមីទៅផង ប៉ុន្តែ ១៥នាទី ក្រោយមក ភាពអាសន្ននេះត្រូវលុបទៅវិញ។ មូលហេតុមកពី១៧ឆ្នាំមុន ការរញ្ជួយដី នៅទី  នោះ បានបំផ្លាញអស់ក្រុងមួយទាំងមូល និងបានផ្តាច់ជីវិតមនុស្សអស់ជាង២.០០០នាក់ឯណោះ។

ថ្ងៃ១៤ សីហានេះ នៅម៉ោង៧ព្រឹក ម៉ោងម៉ូស្គូ ត្រូវនឹងម៉ោង៣រសៀលម៉ោងនៅនឹងកន្លែង ដែលសាខានៃក្រសួងរុស្ស៊ីខាង ស្ថានការណ៍អាសន្នប្រចាំនៅតំបន់ ចុងបូព៌ា កត់ត្រាឃើញមានការរញ្ជួយផែនដី នៅជម្រៅ ៦០០គ.ម.ក្នុងសមុទ្រ Okhotsk នៅចម្ងាយ១៦៨គ.ម. ពីច្រាំងកោះ Sakhaline ឯចុងបូព៌ាប្រទេសរុស្ស៊ី ហើយការរញ្ជួយនេះ គឺក្នុងកម្លាំង ខ្លាំងបង្គួរដល់ទៅ ៦,៣អង្សា។ នៅពេលនោះដែរ ស្ថាប័នភូគព្ភសាស្ត្រ ស.រ.អា. USGS ក៏កត់ត្រាឃើញដែរថា ការរញ្ជួយ នេះបានប្រព្រឹត្តទៅនៅជម្រៅ ៥៨២គ.ម.ក្នុងសមុទ្រ Okhotsk ប៉ុន្តែដោយកម្លាំង ៧,៣អង្សាទាំងលំអិតថា កន្លែងរញ្ជួយ នោះស្ថិតនៅចម្ងាយ ១៦៨គ.ម.ឦសានពីក្រុង Poronaisk នៃកោះ Sakhaline ព្រមទាំងនៅចម្ងាយ ២៧៣គ.ម. ពីក្រុង Youzhny-Sakhalinsk ជាទីរួមខេត្តកោះ Sakhaline ផ្ទាល់។

ចំណែកសាខានៃស្ថាប័នភូគព្ភសាស្ត្ររបស់បណ្ឌិតសភាវិទ្យាសាស្ត្រ រុស្ស៊ីប្រចាំតំបន់ចុងបូព៌ាបានកត់ត្រាថា ការរញ្ជួយដី នេះ គឺក្នុងកម្លាំងដល់ទៅ ៧,៥អង្សា។ ចំហាយនៃការរញ្ជួយនោះ បានបណ្តាលឲ្យមានការរញ្ជួយក្នុងកម្លាំងម្តុំ ២,០ទៅ ៣,០ នៅតាមទីប្រជុំជនមួយចំនួននៃខេត្ត Sakhaline ព្រមទាំងខេត្ត Magadan និងខេត្ត Khabarovsk នៅជិតខាង ប៉ុន្តែមិនបង្កជាការខូចខាតអ្វីទេ។ ពីចំណែកខ្លួន មធ្យោបាយឃោសនាមហាជនរបស់ជប៉ុន ជាប្រទេសស្ថិតនៅក្បែរ តំបន់នោះដែរផ្សាយថា ការរញ្ជួយដីព្រឹកមិញ ឥតបណ្តាលឲ្យមានការខូចខាតអ្វីទេ នៅលើទឹកដីជប៉ុនផ្ទាល់។

ជាការកត់សម្គាល់ ព្រឹកមិញក្រោយពីការរញ្ជួយនោះភ្លាម អាជ្ញាធរឧបទ្វីប Kamtchatka ដែលជា ខេត្តរុស្ស៊ីនៅចុង បូព៌ាបំផុតបានប្រកាសអំពីគ្រោះថ្នាក់ អាចបង្កឡើងជារលកយក្សស៊ូណាមី ប៉ុន្តែក្រោយពីទទួលបានទិន្នន័យនៃការ វាស់ ស្ទង់កម្រិតផ្ទៃទឹកសមុទ្រដោយ ស្ថាប័នសមស្រប រំលង១៥នាទីក្រោយមក ភាពអាសន្ននោះក៏ត្រូវបានលុបទៅវិញទៅ។  មូលហេតុនៃភាពប្រុងប្រយ័ត្ននេះ ពីព្រោះការរញ្ជួយដីកាលពីយប់ថ្ងៃទី ២៨ ឧសភា ឆ្នាំ១៩៩៥ នៅប៉ែកខាងជើងកោះ Sakhaline ដោយកម្លាំង៧,៦អង្សា បានបំផ្លាញអស់ក្រុងមួយនៅទីនោះ គឺក្រុង Neftegorsk ដោយបានផ្តួលឲ្យបាក់ រលំទៅរាល់តែផ្ទះថ្ម៥ជាន់នៅទីនោះ កប់ទាំងរស់តែម្តង អ្នកស្រុកអស់ជាង ២.០០០នាក់ ដែលកំពុងដេកលង់ លក់៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close