ប៉ូលិស​ចិន​នឹង​ឡើង​ឆែកឆេរ​ទូក​បរទេស​ដែល​ចូល​ក្នុង​ដែនសមុទ្រ​ជាប់​ជម្លោះ

ប៉ូលិសមូលដ្ឋាននៅខេត្តប៉ែកខាងត្បូងប្រទេសចិនត្រូវបានផ្តល់សិទ្ធិអំណាចឲ្យ ឡើងឆែកឆរទូកបរទេសទាំងឡាយណាដែលចូលមកក្នុងសមុទ្រចិនខាងត្បូង ដែលចិន ចាត់ទុកថាជាដែនទឹករបស់ខ្លួន។ នេះបើយោងតាមកាសែតផ្លូវការរបស់រដ្ឋចិន ដែលបានចុះផ្សាយនៅថ្ងៃពុធនេះ ។ វិធានការនេះទំនងជានឹងធ្វើឲ្យជម្លោះ នៅសមុទ្រចិនខាងត្បូងមានសភាពកាន់តែ តាន តឹងខ្លាំងឡើងថែមទៀត។

យោងតាមកាសែត China Daily បទបញ្ជាថ្មី ដែលនឹងចាប់ចូលជាធរមាន នៅថ្ងៃ ទី១មករាឆ្នាំ២០១៣ខាងមុខនេះផ្តល់សិទ្ធិអំណាចដល់ប៉ូលិសមូលដ្ឋានក្នុងខេត្ត ហៃណាន (Hainan)ឲ្យឡើងឆែកឆេរ និងរឹបអូសទូកបរទេសទាំងឡាយណា ដែល “ចូល ដោយខុសច្បាប់”ក្នុងដែនទឹករបស់ចិន។ដែនសមុទ្រក្នុងសមុទ្រចិនខាងត្បូងដែល ចិនចាត់ទុកថាជាដែនទឹករបស់ខ្លួននេះ កំពុងជាប់មានជម្លោះជាមួយប្រទេសមួយ ចំនួន ដែលជាសមាជិកអាស៊ាន។

កាសែតChinaDailyក៏បានផ្សាយឲ្យដឹងផងដែរថារដ្ឋាភិបាលចិនគ្រោងនឹងបញ្ជូន កប៉ាល់ល្បាតដែនសមុទ្រជាច្រើនគ្រឿងបន្ថែមទៀតឲ្យទៅល្បាតក្នុងសមុទ្រ ចិនខាងត្បូង។

វិធានការថ្មីនេះទំនងជានឹងធ្វើឲ្យជម្លោះនៅសមុទ្រចិនខាងត្បូងមានភាពតានតឹង កាន់តែខ្លាំងឡើងថែមទៀតបន្ថែមពីលើរឿងចិនបោះផែនទីជាប់ជម្លោះនៅ លើលិខិតឆ្លងដែនថ្មី។ គួររំឭកឡើងវិញថា លិខិតឆ្លងដែនថ្មីរបស់ចិននេះបានធ្វើឲ្ យ មានការតវ៉ាយ៉ាងខ្លាំងក្លា ពីសំណាក់ប្រទេសជាប់ជម្លោះ ទាំងឥណ្ឌា ដែលជាប់ជម្លោះព្រំដែនគោកទាំងវៀតណាមនិងហ្វ៊ីលីពីន ដែលជាប់ជម្លោះ ដែនទឹក ក្នុងសមុទ្រចិនខាងត្បូង។ ក្រៅពីបានផ្ញើកំណត់ទូតតវ៉ា ប៉ូលិសព្រំដែន វៀតណាម និងហ្វ៊ីលីពីនបានបដិសេធមិនបោះត្រាលើលិខិតឆ្លងដែនថ្មីនេះ។ ចំណែកឥណ្ឌាវិញបានប្រើផែនទីខ្លួនឯងធ្វើជាត្រា ដើម្បីបោះលើលិខិតឆ្លងដែន ចិនដ៏ចម្រូងចម្រាសនេះ។ ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិកក៏បានរិះគន់ដែរ ចំពោះ ការគូសផែនទីជាប់ជម្លោះ លើទំព័រលិខិតឆ្លងដែនថ្មីរបស់ចិននេះ។

នៅថ្ងៃព្រហស្បតិ៍នេះដែរហ្វ៊ីលីពីនបានចេញមុខតវ៉ាសាជាថ្មីទៀតទាមទារឲ្យ ចិនដកនាវារបស់ខ្លួនចេញពីតំបន់ជម្លោះ។រដ្ឋមន្រ្តីក្រសួងការបរទេសហ្វ៊ីលីពីន បានអះអាងថាហ្វ៊ីលីពីនបានសុខចិត្តដកនាវាចេញពីតំបន់ជម្លោះនេះតាំងពីដើមខែ មិថុនាម៉្លេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង ដោយរដ្ឋាភិបាលចិនបានសន្យាថា នឹងដកនាវារបស់ខ្លួនចេញដែរ។ក៏ប៉ុន្តែរហូតមកទល់ពេលនេះជិត៦ខែហើយនាវាទាំង ៣គ្រឿងរបស់រដ្ឋាភិបាលចិននៅតែបន្តស្ថិតនៅក្នុងតំបន់ជម្លោះដដែល។

យើងសង្កេតឃើញថានៅក្នុងចំណោមប្រទេសជាប់ជម្លោះនៅសមុទ្រចិនខាង ត្បូង ហ្វ៊ីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក គឺជាប្រទេសដែលបានចេញមុខ តវ៉ាទល់ជាមួយចិនខ្លាំងជាងគេ ជាពិសេស នៅក្នុងអំឡុងកិច្ចប្រជុំអាស៊ាន និងអាស៊ីបូព៌ា ដែលមានចិន និងអាមេរិកចូលរួម៕ ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close