ព្យុះទីហ្វុង Jebi នៅជប៉ុន សម្លាប់មនុស្សកើនដល់០៩នាក់ហើយ
សារព័ត៌មាន Cambodia News/
តូក្យូ (៥ កញ្ញា ២០១៨) ៖ អាជ្ញាធរជប៉ុននៅថ្ងៃពុធនេះបានអះអាងថា ចំនួនអ្នកស្លាប់បានកើនដល់០៩នាក់ហើយ ខណៈអ្នកដំណើរជាង ៣,០០០នាក់ ដែលជាប់គាំងនៅឯអាកាសយានដ្ឋានមួយកន្លែង ត្រូវបានជម្លៀសចេញតាមទូកជាច្រើនគ្រឿង បន្ទាប់ពីខ្យល់ព្យុះទីហ្វុងដ៏កំណាចឈ្មោះ ចេប៊ី (Jebi) បាន វាយប្រហារតំបន់ភាគខាងលិចនៃប្រទេសកាលពីថ្ងៃអង្គារ។ នេះបើតាមសារព័ត៌មាន Reuters។
អាជ្ញាធរបន្តថា ព្យុះទីហ្វុង Jebi ដែលមានកម្លាំងខ្យល់បក់ ២០៨គីឡូម៉ែត្រក្នុងមួយម៉ោង បានបំផ្លាញហេដ្ឋារចសម្ព័ន្ធ និងអគារជាច្រើនខ្នង ហើយបង្កជាទឹកជំនន់ និងគ្រោះរអិលបាក់ដីផងដែរ ស្របពេលជើងហោះហើរច្រើនជាង ៧០០ ត្រូវបានលុបចោល។
ជាមួយគ្នានោះអាជ្ញាធរបានជម្លៀសភ្ញៀវទេសចរជាង ៣,០០០នាក់ តាមទូកជាច្រើនគ្រឿង ចេញពីអាកាសយានដ្ឋាន កាន់សៃ (Kansai) ទៅកាន់តំបន់មួយស្ថិតនៅក្បែរអាកាសយានដ្ឋាន កូបេ (Kobe) នៅព្រឹកថ្ងៃពុធនេះ ហើយអាកាសយានដ្ឋាន Kansai អាចនឹងត្រូវចំណាយពេលជាច្រើនថ្ងៃ ដើម្បីរៀបចំឲ្យបើកដំណើរការឡើងវិញ។
អាជ្ញាធរបញ្ជាក់ថា គិតត្រឹមម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃពុធនេះប្រជាជន ១.៤៥លាននាក់ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងទីក្រុងអូសាកា និងតំបន់ស្ថិតនៅជុំវិញកន្លែងរងគ្រោះ៕