សម្តេចតេជោ បង្ហាញមុខជាសាធារណៈលើកដំបូងក្រោយបោះឆ្នោត
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (០១ សីហា ២០១៨) ៖ នំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែសីហា នេះ បង្ហាញមុខក្នុងវេទិកាសាធារណៈលើកដំបូង ក្រោយពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។ ការបង្ហាញមុខជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរនៅក្នុងខណ្ឌឬស្សីកែវ។
ការបង្ហាញមុខក្នុងវេទិកាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃនេះ ទាំងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ក៏ដូចជាអ្នកព័ត៌មានកំពុងទន្ទឹងរង់ចាំថា តើសម្តេចតេជោ ហ៊ុន សែន នឹងមានសារនយោបាយអ្វីខ្លះទៅកាន់ជនរួមជាតិ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានបិទបញ្ចប់ជាមួយ នឹងការទទួលបានសំឡេងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីមិនធ្លាប់មាននៅក្នុងប្រវត្តិនៃការបោះឆ្នោត៥អាណត្តិកន្លងមក។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការបានរៀបចំឲ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបង្កើតជាប្រព័ន្ធដឹកជញ្ជូនមួយដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា (ផ្លូវទឹក ផ្លូវថ្នល់ ផ្លូវរថភ្លើង និងផ្លូវអាកាស) ជំរុញធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ដោយហេតុថា ការដឹកជញ្ជូនតាមផ្លូវទឹក អាចដឹកបានច្រើនក្នុងតម្លៃទាប ប្រកបដោយសុវត្ថិភាព និងទៀងទាត់ពេលវេលាដោយមិនមានការកកស្ទះចរាចរណ៍៕