គ.ជ.ប នឹងបង្ហាញទឹកខ្មៅជ្រលក់ដៃដល់ភាគីពាក់ព័ន្ធនៅថ្ងៃទី១៧កក្កដា
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (១០ កក្កដា ២០១៨) ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការបង្ហាញទឹកខ្មៅជ្រលក់ដៃសម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដល់តំណាងគណបក្សនយោបាយ និងអង្គការ សមាគមជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ការបង្ហាញនេះ គឺឲ្យតំណាងគណបក្សនយោបាយ និងអង្គការជាតិ-អន្តរជាតិ សាកល្បងជ្រលក់ ដើម្បីឲ្យដឹងពីគុណភាពនៃទឹកខ្មៅជ្រលក់ដៃ។ លោកបន្ថែមថា ក្រុមហ៊ុនផលិតទឹកខ្មៅជ្រលក់ដៃ ក៏បានឯកភាពព្រមមកធ្វើការបង្ហាញអំពីគុណភាព ដើម្បីបញ្ជាក់ថា ទឹកខ្មៅនេះ មិនប៉ះពាល់ដល់សុខភាពនោះទេ។ ប៉ុន្តែពេលវេលាជាក់លាក់ នៅមិនទាន់កំណត់នៅឡើយ។
សូមជម្រាបថា ទឹកខ្មៅជ្រលក់ដៃចំនួន ៥១០០០ដប ដែល គ.ជ.ប ទិញពីប្រទេសឥណ្ឌា ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។ គ.ជ.ប បានបញ្ជាទិញទឹកខ្មៅជ្រលក់ដៃ ពីក្រុមហ៊ុនរបស់ឥណ្ឌាមួយឈ្មោះ Mysore paints and varnish limited៕